អន្តរជាតិ

យោធាចិនបានអះអាងថា ខ្លួនកំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយទៀតនៅជិតកោះតៃវ៉ាន់

BY
autoadmin
August 8, 2022

យោធាចិនបាននិយាយថា ខ្លួនកំពុងបន្តធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីសមយុទ្ធបាញ់គ្រាប់ពិតរបស់ខ្លួនបានបញ្ចប់កាលពីថ្ងៃអាទិត្យ នេះបើតាមការចុះផ្សាយរបស់ BBC។ បញ្ជាការភាគខាងកើតរបស់កងទ័ពចិនបាននិយាយថា ខ្លួននឹងអនុវត្តការវាយប្រហារប្រឆាំងនាវាមុជទឹក និងការវាយឆ្មក់តាមសមុទ្រ។ ជម្រាបផងដែរថា សមយុទ្ធរយៈពេល ៤ ថ្ងៃមុននេះ គឺជាការឆ្លើយតបរបស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ខណៈតៃវ៉ាន់បាន​ចោទ​ចិន​ថា ​បាន​ប្រើ​សមយុទ្ធ​ទាំងនេះ​ជា​ការអនុវត្ត​សម្រាប់​ការ​ឈ្លានពានទឹកដី​ខ្លួន។

យ៉ាងណានៅថ្ងៃច័ន្ទនេះ កោះតៃវ៉ាន់បាននិយាយថា យន្តហោះ និងកប៉ាល់របស់ចិន មិនទាន់បានចូលទៅក្នុងដែនទឹករបស់ខ្លួនទេ ក្នុងអំឡុងពេលសមយុទ្ធនេះ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក រួមជាមួយអូស្ត្រាលី និងជប៉ុន បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា គោលបំណងរបស់ប្រទេសចិន គឺដើម្បីផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់។ ទីក្រុងវ៉ាស៊ីនតោនក៏បានថ្កោលទោសទីក្រុងប៉េកាំង ចំពោះការផ្តាច់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យមួយចំនួន រួមទាំងការប្រែប្រួលអាកាសធាតុ ក្នុងការសងសឹកចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: