អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មានជំនឿចិត្តថា ប្រទេសចិន​នឹង​មិន​ហ៊ានធ្វើ​អ្វី​លើ​កោះ​តៃវ៉ាន់ឱ្យលើសពីនេះទេ

BY
autoadmin
August 9, 2022

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់ ប៉ុន្តែ​គាត់​បាន​និយាយ​ថា គាត់​មិន​គិត​ថា «ទីក្រុង​ប៉េកាំង​នឹង​ធ្វើ​អ្វី​ច្រើនជាងនេះទេ»។ គួររំលឹកផងដែរថា ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធភ្លាមៗរយៈពេល ៤ថ្ងៃ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ របស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi។ មន្ត្រីការពារជាតិរបស់តៃវ៉ាន់ ក៏បាននិយាយថា មានយន្តហោះ និងនាវាយោធាចិនជាច្រើនគ្រឿង បានធ្វើដំណើរឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

នៅពេលសួរអំពីចំណាត់ការរបស់ចិន លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖«ខ្ញុំមិនបារម្ភអ្វីទេ ប៉ុន្តែខ្ញុំបារម្ភរឿងពួកគេកំពុងមានសកម្មភាពច្រើនដូចដែលឃើញ ប៉ុន្តែខ្ញុំមិនគិតថា ពួកគេនឹងធ្វើអ្វីបន្ថែមទៀតនោះទេ»។ លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយថា សមយុទ្ធយោធារបស់ចិនគឺជាការ «បង្កហេតុ មិនទទួលខុសត្រូវ និងបង្កើនហានិភ័យនៃការយល់ខុស» ហើយនោះ​ជា​អ្វី​ដែល​លោក​ប្រធានាធិបតី​កំពុង​តែ​សំដៅ​ទៅ​លើ។ លោកស្រី Jean-Pierre បាន​និយាយ​ថា ​មិន​មាន​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ទេ ហើយ​ក៏​មិន​ចាំបាច់​បង្កើន​ភាព​តានតឹង​ដែរ ហើយក្រុង​វ៉ាស៊ីនតោន​មាន​បំណង​រក្សា​ការ​សន្ទនា​ជាមួយ​ក្រុង​ប៉េកាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: