អន្តរជាតិ

ការស្រាវជ្រាវបង្ហាញថា ទឹកភ្លៀងភាគច្រើននៅលើផែនដីយើងនេះ ពោរពេញដោយសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព»

BY
autoadmin
August 9, 2022

តាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទឹកភ្លៀងនៅក្នុងទីតាំងភាគច្រើននៅលើផែនដីរបស់យើងនេះ មានកម្រិតនៃសារធាតុគីមីដែល «លើសពីកម្រិតសុវត្ថិភាព» នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន EURO NEWS ។ សារធាតុសំយោគទាំងនោះ ត្រូវបានគេហៅថា PFAS (poly- and perfluoroalkyl substances) ដែលជាសារធាតុត្រូវបានគេប្រើប្រាស់នៅក្នុងខ្ទះចៀនមិនជាប់ (non-stick pans) ពពុះពន្លត់អគ្គីភ័យ និងសម្លៀកបំពាក់ដែលមិនជ្រាបទឹក។ វាត្រូវបានដាក់ឈ្មោះថា «សារធាតុគីមីជារៀងរហូត» ហើយពួកវានៅតែបន្តកើតមានជាច្រើនឆ្នាំនៅក្នុងបរិស្ថាន ដោយ​គ្មាន​កន្លែង​សុវត្ថិភាព​នៅ​លើ​ផែនដីនេះ ​អាចជៀស​វាង​ពីពួក​វានោះ​ទេ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Stockholm បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់ ដែលការប្រើប្រាស់សារធាតុទាំងនេះត្រូវបានរឹតបន្តឹងឱ្យបានឆាប់រហ័ស។ អ្នកវិទ្យាសាស្ត្របារម្ភថា PFAS អាចបង្កហានិភ័យដល់សុខភាព រួមទាំងជំងឺមហារីក ទោះបីការស្រាវជ្រាវមិនទាន់អាចសន្និដ្ឋានបានច្បាស់លាស់ក៏ដោយ។ ពួកគេមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីកសាយភាយនៃ PFAS ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយប្រហែល ៤,៥០០ នៃសមាសធាតុសំយោគមានមូលដ្ឋានលើហ្វ្លុយអូរីនទាំងនេះ ត្រូវបានគេរកឃើញនៅស្ទើរតែគ្រប់លំនៅដ្ឋាននៅលើផែនដី ក្នុងផលិតផលប្រចាំថ្ងៃរាប់រយមុខ រួមទាំងការវេចខ្ចប់ម្ហូបអាហារ ឧបករណ៍ចង្ក្រានមិនជាប់ អាវភ្លៀង សារធាតុស្អិត ក្រដាស និងថ្នាំលាប -ល-។

សម្រាប់សារធាតុដ៏ល្បីមួយទៀត គឺអាស៊ីតបង្កឱ្យមានជំងឺមហារីក perfluorooctanoic (PFOA) ក៏កំពុងធ្វើឱ្យចំនួនទឹកមានសុវត្ថិភាពធ្លាក់ចុះ ៣៧.៥ លានដង នៅសហរដ្ឋអាមេរិក។ ផ្អែកលើគោលការណ៍ណែនាំចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកសម្រាប់ PFOA ក្នុងទឹកផឹក បានបញ្ជាក់ថា ទឹកភ្លៀងនៅគ្រប់ទីកន្លែងនឹងត្រូវបានវិនិច្ឆ័យថាមិនមានសុវត្ថិភាពក្នុងការផឹក៕

អត្ថបទ៖ លីដា
ប្រភព៖ EURO NEWS

Share This Post: