លោក Zelensky បាននិយាយថា ស.ង្គ្រា.មនៅអ៊ុយក្រែនត្រូវតែបញ្ចប់ដោយការរំដោះតំបន់គ្រីមៀ
- BY
- autoadmin
- August 10, 2022
ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមជាមួយនឹងតំបន់គ្រីមៀ ហើយត្រូវតែបញ្ចប់ដោយការរំដោះតំបន់នេះមកវិញ។ លោក Zelensky បាននិយាយបែបនេះ តែប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះមួយបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីនៅទីនោះ ហើយជាលទ្ធផលបានសម្លាប់មនុស្សម្នាក់។ លោក Zelensky មិនបាននិយាយពីការបំផ្ទុះគ្រាប់បែកនោះទេ ប៉ុន្តែបានថ្លែងសុន្ទរកថានៅពេលយប់របស់គាត់ទៅកាន់ឧបទ្វីបនេះ ដោយគាត់និយាយថា «គ្រីមៀ គឺជាអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់វាចោលឡើយ»។

ជម្រាបផងដែរថា គ្រីមៀ គឺជាផ្នែកមួយរបស់អ៊ុយក្រែន ប៉ុន្តែត្រូវបានបញ្ចូលដោយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើប្រជាមតិ ដែលសហគមន៍អន្តរជាតិមើលឃើញថាមិនស្របច្បាប់។ ប្រជាជនអ៊ុយក្រែនជាច្រើនមើលឃើញថា នេះជាការចាប់ផ្តើមនៃសង្រ្គាមជាមួយរុស្ស៊ី។ កាលពីថ្ងៃអង្គារ ការផ្ទុះជាបន្តបន្ទាប់បានអង្រួនមូលដ្ឋានយោធា Saky នៅជិតតំបន់ Novofedorivka នៅភាគខាងលិចនៃឧបទ្វីបគ្រីមៀ ដែលនៅជិតរមណីយដ្ឋានមាត់សមុទ្រដែលពេញនិយមដោយភ្ញៀវទេសចររុស្ស៊ី។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពីអ្នកធ្វើដំណើរតាមឆ្នេរសមុទ្រដែលកំពុងរត់ភៀសខ្លួន ខណៈដែលការផ្ទុះបានវាយប្រហារយ៉ាងហោចណាស់ ១២ គ្រាប់ ដែលបណ្ដាលឱ្យជនស៊ីវិលម្នាក់បានស្លាប់ និង ៨នាក់ ផ្សេងទៀតរងរបួស៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






