ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតី​ស្រីលង្កាលោក Gotabaya Rajapaksa ​មិនទាន់ត្រឡប់ទៅប្រទេសរបស់គាត់វិញទេ ខណៈគ្រោងនឹងហោះហើរទៅប្រទេសថៃបន្ដទៀត

    BY autoadmin August 10, 2022
    អតីតប្រធានាធិបតី​ស្រីលង្កាលោក Gotabaya Rajapaksa ​មិនទាន់ត្រឡប់ទៅប្រទេសរបស់គាត់វិញទេ ខណៈគ្រោងនឹងហោះហើរទៅប្រទេសថៃបន្ដទៀត

    អតីតប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ស្អែកនេះ ដើម្បីស្វែងរកជម្រកបណ្តោះអាសន្នទី២ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ ក្រោយបានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែមុនចំពេលមានការតវ៉ាដ៏ធំ។ លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា តាមរយៈកោះម៉ាល់ឌីវ បន្ទាប់ពីភាពចលាចលដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់ប្រទេសក្នុងរយៈពេល ៧ ទសវត្សរ៍ចុងក្រោយ និងមួយថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យរបស់ប្រធានាធិបតី។

    បន្ទាប់មកមន្ត្រីយោធាចូលនិវត្តន៍រូបនេះ ក៏បានលាលែងពីតំណែងជាប្រធានាធិបតី ដោយបានក្លាយជាប្រធានាធិបតីស្រីលង្កាដំបូងគេ ដែលលាលែងពីតំណែងត្រឹមពាក់កណ្តាលអាណត្តិ។ ប្រភពចំនួន ២ ដោយមិនបញ្ចេញឈ្មោះបាននិយាយថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេរំពឹងថា នឹងចាកចេញពីប្រទេសសិង្ហបុរី ហើយទៅកាន់រាជធានីបាងកករបស់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍។ យ៉ាងណា ក្រសួងការបរទេសស្រីលង្កាមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Ratchada Thanadirek បានប្រាប់រ៉យទ័រថា «មិនមានការអត្ថាធិប្បាយអ្វីទេ»។

    គួរឱ្យដឹងដែរថា លោក Rajapaksa មិនបានបង្ហាញខ្លួនជាសាធារណៈ ឬធ្វើការអត្ថាធិប្បាយណាមួយឡើយ ចាប់តាំងពីចាកចេញពីប្រទេសស្រីលង្កា ហើយរដ្ឋាភិបាលសិង្ហបុរីបាននិយាយនៅក្នុងខែនេះថា ខ្លួនក៏មិនបានផ្តល់ឯកសិទ្ធិ ឬអភ័យឯកសិទ្ធិណាមួយដល់គាត់ឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: