អន្តរជាតិ

ប្រទេសចិន​និយាយ​ថា ខ្លួន​នឹង​មិន​បោះបង់​ការ​ប្រើ​ប្រាស់កម្លាំង​ ដើម្បី​ការ​បង្រួបបង្រួម​ជាមួយកោះតៃវ៉ាន់​ឡើយ

BY
autoadmin
August 10, 2022

រដ្ឋាភិបាល​ចិន​នៅក្នុងសេចក្ដីរាយការណ៍មួយបាន​និយាយថា​ ខ្លួន​នឹង​បន្ត​ការ​បង្រួបបង្រួមកោះ​តៃវ៉ាន់​ដោយ​សន្តិវិធី ប៉ុន្តែ​នឹង​មិន​បោះបង់​ការ​ប្រើ​កម្លាំង​នោះ​ទេ។ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន បានចេញផ្សាយសេចក្ដីរាយការណ៍មួយ ដែលមានចំណងជើងថា «សំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិន នៅក្នុងយុគសម័យថ្មី» កាលពីថ្ងៃពុធ ដែលការ​ចេញ​ផ្សាយ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់​កាល​ពី​សប្តាហ៍​មុន។

សេចក្ដីរាយការណ៍នោះសរសេរថា «តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន។ នេះជាការពិតដែលមិនអាចប្រកែកបាន ដែលគាំទ្រដោយប្រវត្តិសាស្ត្រ និងច្បាប់»។ វានិយាយថា ប្រទេសចិនឥឡូវនេះកាន់តែមានទំនុកចិត្ត និងសមត្ថភាព ក្នុងការសម្រេចបាននូវគោលដៅនៃការបង្រួបបង្រួមជាតិពេញលេញជាងពេលមុនៗ។ វាក៏និយាយផងដែរថា «ការបង្រួបបង្រួមប្រកបដោយសន្តិភាព និងប្រទេសតែមួយ មានប្រព័ន្ធពីរ គឺជាគោលការណ៍ជាមូលដ្ឋានរបស់យើង សម្រាប់ការដោះស្រាយសំណួរតៃវ៉ាន់ និងវិធីសាស្រ្តដ៏ល្អបំផុត ក្នុងការធ្វើឱ្យមានការបង្រួបបង្រួមជាតិឡើងវិញ»៕

អទ្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: