អន្តរជាតិ

អ្នកវិទ្យាសាស្ត្រចិនបានរកឃើញមេរោគថ្មីឈ្មោះ “LayV” និងមានមនុស្ស ៣៥នាក់បានឆ្លងមេរោគនេះហើយ

BY
autoadmin
August 11, 2022

កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ COVID-19 ។

យោងតាមសេចក្តីរាយការណ៍​ព័ត៌មាន​បាន​បញ្ជាក់​ដូច្នេះថា៖​ មក​ទល់​ពេល​នេះ មនុស្ស​៣៥​នាក់​បាន​ឆ្លង​មេរោគ​នេះហើយដោយស្ថិតនៅខេត្ត Shandong ភាគ​ខាង​កើត និងខេត្តហឺណាន។ ទោះបីជាយ៉ាងណាក៏ដោយ គ្រូពេទ្យមិនអាចបញ្ជាក់ការឆ្លងពីមនុស្សទៅមនុស្សបានទេ ប៉ុន្តែបាននិយាយថា អ្នកជំងឺមានប្រវត្តិទាក់ទងជាមួយសត្វ ដោយមេរោគ​នេះ​ត្រូវ​បាន​គេ​គិត​ថា ​មាន​ប្រភព​ចេញ​ពី​សត្វ​កកេរតូចៗ(shrews) ដែលអ្នកជំងឺមានរោគសញ្ញាស្រាល ដូចជាគ្រុនក្តៅ អស់កម្លាំង បាត់បង់ចំណង់អាហារ ឈឺសាច់ដុំ ប៉ុន្តែ​មិន​មាន​ករណីស្លាប់​ដែលត្រូវ​បាន​រក​ឃើញនោះទេ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) សត្វដែលឆ្លងមេរោគ Nipah នឹងមានរោគសញ្ញាធ្ងន់ធ្ងរ ហើយចំពោះមនុស្ស មេរោគនេះមានកម្រិតសុវត្ថិភាពជីវសាស្ត្រ នៅកម្រិតទី ៤ អត្រាខ្ពស់បំផុតនៃការឆ្លង និងការស្លាប់គឺស្ថិតនៅចន្លោះពី ៤០-៧៥% ដែលខ្ពស់ជាងមេរោគឆ្លង។ បច្ចុប្បន្ននេះ មិនទាន់មានវ៉ាក់សាំងការពារ និងមិនមានការព្យាបាលជាក់លាក់ណាមួយឡើយ ហើយអ្នកឆ្លងត្រូវបានព្យាបាលតាមរោគសញ្ញា ចំណែកអង្គការសុខភាពពិភពលោកបានចាត់ថ្នាក់មេរោគ Nipah គឺជាក្រុមមួយក្នុងចំនោមក្រុមមេរោគដែលមានឱកាសខ្ពស់បំផុតក្នុងការក្លាយជាជំងឺរាតត្បាត។

លោក Wang Linfa សាស្ត្រាចារ្យនៃកម្មវិធីជំងឺឆ្លងដែលកំពុងកើតមាន នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Duke-NUS បាននិយាយថា មិនមានហេតុផលសម្រាប់ការភ័យស្លន់ស្លោចំពោះមេរោគ LayVនោះទេ ប៉ុន្តែ​ធម្មជាតិ​នៃ​មេរោគ​នៅពេលដែល​វា​បាន​រាលដាល​ដល់​មនុស្ស​មាន​ផលវិបាក​មិនអាច​ទាយ​ទុកជាមុន​បាន​ ហើយជឿថាវីរុសកូរូណា វាប្រហែលជាមិនមែនជាមេរោគចុងក្រោយដែលបណ្តាលឱ្យមានការរាតត្បាតធ្ងន់ធ្ងរដល់មនុស្សជុំវិញពិភពលោក ក៏ដូចជាប៉ះពាល់ដល់របៀបរស់នៅរបស់មនុស្សនោះទេ៕

អត្ថបទ៖ Bee
ប្រភព៖thairath

Share This Post: