កោះតៃវ៉ាន់បានធ្វើសមយុទ្ធយោធាគ្រាប់ពិត បន្ទាប់ពីប្រទេសចិនបានគំរាមកំហែងខ្លួនជាបន្ដបន្ទាប់
- BY
- autoadmin
- August 11, 2022
កងទ័ពរបស់កោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតមួយផ្សេងទៀត បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន នៅជុំវិញកោះនេះ ខណៈដែលខ្លួនបានគំរាមកំហែងម្តងហើយម្តងទៀត ក្នុងការនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញ។ រំលឹកផងដែរថា ទីក្រុងប៉េកាំងបានខឹងសម្បារយ៉ាងខ្លាំង ជាមួយនឹងដំណើរទៅកាន់កោះតៃវ៉ាន់ដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កាលពីសប្តាហ៍មុន ដែលវាគឺជាការបំពេញទស្សនកិច្ចកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ យ៉ាងណា តៃវ៉ាន់បានចោទប្រកាន់ចិនថា បានប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាលេស ដើម្បីអនុញ្ញាតឱ្យវាធ្វើការហាត់សម សម្រាប់ការឈ្លានពានកោះតៃវ៉ាន់។

លោក Lou Woei-jye អ្នកនាំពាក្យកងទ័ពទី៨ របស់កោះតៃវ៉ាន់ បានប្រាប់សារព៧ត៌មាន AFP ថា កងកម្លាំងរបស់ខ្លួនបានបាញ់គ្រាប់ចេញពីប្រព័ន្ធកាំភ្លើងធំ howitzer និងគ្រាប់ផ្ទុះផ្សេងទៀត ដែលជាផ្នែកមួយនៃសមយុទ្ធការពាររយៈពេល ១ម៉ោង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅស្រុក Pingtung ភាគខាងត្បូងតៃវ៉ាន់។ ក្រសួងការបរទេសរបស់តៃវ៉ាន់បាននិយាយថា ខ្លួនបានច្រានចោលគំរូ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលស្នើឡើងដោយទីក្រុងប៉េកាំង នៅក្នុងសៀវភៅសដែលបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ។ ជាក់ស្ដែងលោកស្រី Joanne Ou បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងតៃប៉ិថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់ខ្លួន ដោយបន្ថែមថា ប្រទេសចិនកំពុងប្រើប្រាស់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើជាលេស ដើម្បីបំភិតបំភ័យប្រជាជនតៃវ៉ាន់៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






