ហាង McDonald’s ចាប់ផ្តើមបើកឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយបិទទ្វារអស់រយៈពេលប្រមាណ ៦ខែ
- BY
- autoadmin
- August 12, 2022
ហាងអាហាររហ័ស McDonald’s កំពុងចាប់ផ្តើមបើកទ្វារឡើងវិញនៅតាមផ្នែកខ្លះនៃប្រទេសអ៊ុយក្រែន ក្រោយពីខ្លួនបានបិទបណ្ដោះអាសន្នអស់រយៈពេល ៦ខែ បន្ទាប់ពីការឈ្លានពានរបស់យោធារុស្ស៊ីលើប្រទេសអ៊ុយក្រែន។ លោក Paul Pomroy អនុប្រធានសាជីវកម្មជាន់ខ្ពស់នៃទីផ្សារប្រតិបត្តិការអន្តរជាតិ បានសរសេរនៅក្នុងលិខិតមួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងបានសម្រេចចិត្តបង្កើតផែនការជាដំណាក់កាល ដើម្បីបើកហាងមួយចំនួនឡើងវិញ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចនៃប្រទេសអ៊ុយក្រែន»។ គួរឱ្យដឹងដែរថា McDonald’s មានភោជនីយដ្ឋានជិត ១១០ ទីតាំង នៅក្នុងប្រទេសអ៊ុយក្រែន ហើយក្រុមហ៊ុននេះនៅតែបន្ដផ្ដល់ប្រាក់ខែដល់បុគ្គលិកនៅទីនោះ បើទោះបីជាហាងទាំងអស់បានបិទទ្វារដោយសារសង្គ្រាមក៏ដោយ។

លោកបានបន្ដថា៖«ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ យើងនឹងចាប់ផ្តើមធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផលសម្រាប់ហាង ត្រៀមលក្ខណៈសម្បត្តិជាស្រេចដើម្បីបម្រើអតិថិជន នាំយកក្រុមការងារ និងនិយោជិតរបស់ហាង ត្រឡប់មកធ្វើការវិញ ហើយអនុវត្តនីតិវិធី និងពិធីការដែលប្រសើរឡើង ដើម្បីគាំទ្រដល់សុវត្ថិភាពប្រជាជន និងអតិថិជនរបស់យើង»។ លោក Pomroy បានបន្ថែមថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីបាននិយាយជាមួយមន្ត្រីអ៊ុយក្រែន អ្នកឯកទេសសន្តិសុខ និងអ្នកផ្គត់ផ្គង់របស់ហាង។ ជម្រាបដែរថា McDonald’s គឺជាក្រុមហ៊ុនសកលមួយ ក្នុងចំនោមក្រុមហ៊ុនពិភពលោកជាច្រើន ដែលបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនដោយសារតែសង្គ្រាមនៅទីនោះ។ នៅក្នុងលិខិតរបស់លោក Pomroy បានកត់សម្គាល់ថា អាជីវកម្មផ្សេងទៀតក៏បានបើកឡើងវិញផងដែរ នៅក្នុងទីក្រុងគៀវ និងភាគខាងលិចអ៊ុយក្រែន៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






