កូរ៉េខាងជើងបានដកចេញនូវច្បាប់ពាក់ម៉ាស់ និងការរក្សាគម្លាត ក្រោយមេដឹកនាំលោក គីម ជុងអ៊ុន ប្រកាសជ័យជម្នះលើជំងឺកូវីដ-១៩
- BY
- autoadmin
- August 13, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា នេះថា កូរ៉េខាងជើងបានដកចេញនូវច្បាប់ពាក់ម៉ាស់ និងច្បាប់រក្សាគម្លាតសង្គមផ្សេងទៀត ខណៈដែលមេដឹកនាំលោក គីម ជុងអ៊ុន ក៏បានប្រកាសជ័យជម្នះលើជំងឺ COVID-19 ក្នុងសប្តាហ៍នេះផងដែរ ពោលគឺរយៈពេល ៣ ខែ បន្ទាប់ពីប្រទេសនេះបានបញ្ជាក់ករណីដំបូងរបស់ខ្លួន។ លោក គីម បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំអំពីជំងឺ COVID-19 កាលពីថ្ងៃពុធ និងបានបញ្ជាឱ្យដកវិធានការប្រឆាំងការរាតត្បាតទាំងអស់ ដែលបានដាក់ក្នុងខែឧសភា ដោយបន្ថែមថាកូរ៉េខាងជើងត្រូវតែរក្សា «របាំងដែកប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19» របស់ខ្លួន។

នៅក្រោមការផ្លាស់ប្តូរ ទៅជាប្រព័ន្ធប្រឆាំងការរីករាលដាល «ធម្មតា» ពីប្រព័ន្ធការពារ «កម្រិតកំពូល» ប្រទេសនេះនឹងទម្លាក់កាតព្វកិច្ចនៃការពាក់ម៉ាស់ និងច្បាប់ផ្សេងទៀតដូចជា ការកំណត់ពេលវេលានៃសេវាកម្មពាណិជ្ជកម្ម និងកន្លែងសាធារណៈនៅគ្រប់តំបន់ទាំងអស់ លើកលែងតែតំបន់ព្រំដែន។ កូរ៉េខាងជើងបានផ្តល់អនុសាសន៍ដល់អ្នកដែលមានរោគសញ្ញាផ្លូវដង្ហើម គួរតែបន្តពាក់ម៉ាស់ ហើយបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នចំពោះរបស់ចម្លែក ដែលទីក្រុងព្យុងយ៉ាងបានលើកឡើងថា ជាមូលហេតុនៃការឆ្លង។
គួរឱ្យដឹងដែរថា កូរ៉េខាងជើងបានស្តីបន្ទោសការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងប្រទេសរបស់ខ្លួនលើ «វត្ថុមកពីក្រៅ» នៅជិតព្រំដែនរបស់ខ្លួនជាមួយភាគខាងត្បូង ដោយប្អូនស្រីរបស់មេដឹកនាំរបស់ប្រទេស គឺលោកស្រី Kim Yo Jong បានប្តេជ្ញាថានឹង នឹងសងសឹកឱ្យចាស់ដៃ សម្រាប់ការបង្កឱ្យមានការផ្ទុះឡើងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






