អន្តរជាតិ

វីរុសនៃជំងឺ​ស្វិត​ដៃ​ជើង «ប៉ូលីយ៉ូ» ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុងបណ្ដាញទឹកស្អុយក្នុងទីក្រុង​ញូវយ៉ក

BY
autoadmin
August 13, 2022

មន្ត្រីសុខាភិបាលក្រុងញូវយ៉កបាននិយាយថា ពួកគេបានរកឃើញមេរោគដែលបង្កជំងឺស្វិតដៃជើង នៅក្នុងបណ្ដាញទឹកស្អុយក្នុងទីក្រុងនេះ។ ទីក្រុងញូវយ៉ក និងអាជ្ញាធរសុខាភិបាលរដ្ឋ បាននិយាយកាលពីថ្ងៃសុក្រថា ការរកឃើញនេះបង្ហាញថា មេរោគអាចកំពុងចរាចរក្នុងរដ្ឋនេះ។ ជម្រាបដែរថា វីរុសប៉ូលីយ៉ូ (Polio) ឆ្លងភាគច្រើនលើទារក និងកុមារតូចៗ ហើយមេរោគអាចបណ្តាលឱ្យខ្វិនដៃ និងជើង។ ដោយសារជំងឺនេះច្រើនតែមិនមានរោគសញ្ញា ដូច្នេះមន្ត្រីសង្ស័យថា វាត្រូវបានចេញពីមនុស្សដែលមិនដឹងថាខ្លួនបានឆ្លងមេរោគ។

ការស៊ើបអង្កេតបានចាប់ផ្តើមភ្លាម បន្ទាប់ពីករណីជំងឺស្វិតដៃជើងត្រូវបានរាយការណ៍នៅក្នុងរដ្ឋញូវយ៉កកាលពីខែមុន ខណៈជំងឺនេះមិនត្រូវបានបញ្ជាក់នៅក្នុងសហរដ្ឋអាមេរិកឡើយ ចាប់តាំងពីឆ្នាំ២០១៣។ គួរឱ្យដឹងដែរថា ការឆ្លងជំងឺស្វិតដៃជើងគឺអាចការពារបានដោយវ៉ាក់សាំង ប៉ុន្តែនៅក្នុងផ្នែកខ្លះនៃរដ្ឋញូវយ៉ក អត្រាកុមារអាយុ ២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារពីជំងឺនេះ គឺមានប្រហែល ៦០% ប៉ុណ្ណោះ។ ទិន្នន័យពីអង្គការសុខភាពពិភពលោក និងអ្នកផ្សេងទៀតបង្ហាញថា ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់យ៉ាងទូលំទូលាយចាប់តាំងពីការណែនាំវ៉ាក់សាំង។ ប៉ុន្តែថ្មីៗនេះ មេរោគនេះក៏ត្រូវបានរកឃើញនៅក្នុងទឹកស្អុយក្នុងរដ្ឋធានីឡុងដ៍របស់ចក្រភពអង់គ្លេសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: