អន្តរជាតិ

កូរ៉េ​ខាង​ជើងបាន​រិះគន់​ប្រមុខ​អង្គការ​សហ​ប្រជាជាតិ​ ចំពោះ​ការគាំទ្រលើការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

BY
autoadmin
August 14, 2022

ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២ បានរិះគន់ការអត្ថាធិប្បាយថ្មីៗរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លើការគាំទ្ររបស់គាត់ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ដោយបានហៅការកត់សម្គាល់នេះថា មានភាពលម្អៀង និងមិនយុត្តិធម៌។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេស បន្ទាប់ពីប្រធានអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បាននិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។

លោក Kim Son Gyong អនុរដ្ឋមន្ត្រីទទួលបន្ទុកអង្គការអន្តរជាតិនៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលខ្វះភាពយុត្តិធម៌ និងលម្អៀងទាំងស្រុង ហើយប្រឆាំងនឹងកាតព្វកិច្ចរបស់គាត់ផ្ទាល់ ដែលបានបញ្ជាក់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទងនឹងបញ្ហាឧបទ្វីបកូរ៉េ»។ លោក Kim បានបន្ថែមថា អគ្គលេខាធិការអង្គការសហប្រជាជាតិ មិនគួរស្នើសុំ ឬទទួលយកបញ្ជាពីរដ្ឋាភិបាលនៃប្រទេសជាក់លាក់ណាមួយឡើយ ប៉ុន្តែត្រូវចៀសវាងទង្វើណាមួយ ដែលអាចធ្វើឱ្យខូចមុខតំណែងជាមន្ត្រីអន្តរជាតិ ដែលទទួលខុសត្រូវចំពោះអង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: