សហរដ្ឋអាមេរិកបានចោទចិនថា មានប្រតិកម្មជ្រុលពេកចំពោះដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិក
- BY
- autoadmin
- August 16, 2022
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានចោទចិនថា មានប្រតិកម្មជ្រុលពេកចំពោះដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់របស់គណៈប្រតិភូសភាអាមេរិក បន្ទាប់ពីយោធាចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាទ្វេភាគី។ ជាក់ស្ដែងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសង្កត់ធ្ងន់វិញថា៖«ប្រទេសចិនត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងស្របច្បាប់ ចំពោះរាល់ការញុះញង់ដោយចេតនារបស់សហរដ្ឋអាមេរិក»។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា៖«ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភា ការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្ករឿង គឺវាមិនចាំបាច់ទាំងស្រុង ហើយជាប្រតិកម្មហួសហេតុទាំងស្រុង» ដោយលោក Price បាននិយាយថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ។ លោកបានចោទក្រុងប៉េកាំងថា បានទាញយកប្រយោជន៍ពីដំណើរទស្សនកិច្ចចុងក្រោយនេះ ខណៈដែលខ្លួនព្យាយាមចង់ផ្លាស់ប្តូរស្ថានភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
ជម្រាបផងដែរថា គណៈប្រតិភូសភាដឹកនាំដោយព្រឹទ្ធសមាជិកលោក Ed Markey បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងមន្ត្រីផ្សេងទៀតកាលពីថ្ងៃចន្ទ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងមិនដល់ ២ សប្តាហ៍ផង បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយកាលនោះ ចិនបានឆ្លើយតបដោយធ្វើសមយុទ្ធផ្លូវអាកាស និងដែនសមុទ្រទ្រង់ទ្រាយធំជុំវិញកោះនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ VOA
- Share This Post:






