អន្តរជាតិ

ចក្រភពអង់គ្លេសបានអនុម័តវ៉ាក់សាំងបង្ការ Moderna ប្រភេទថ្មីដែលផ្តោតលើវ៉ារ្យ៉ង់អូមីក្រុង

BY
autoadmin
August 16, 2022

និយតករឱសថរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ទី១៥ ខែសីហា នេះបាននិយាយថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ប្រភេទថ្មីដែលមានគោលដៅលើវ៉ារ្យ៉ង់អូមីក្រុង ក៏ដូចជាមេរោគទម្រង់ដើម។ ទីភ្នាក់ងារនិយតកម្មផលិតផលឱសថ និងថែទាំសុខភាព (MHRA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានយល់ព្រមលើវ៉ាក់សាំងនេះ «បន្ទាប់ពីវាត្រូវបានគេរកឃើញថា បំពេញតាមស្តង់ដារសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរបស់និយតករចក្រភពអង់គ្លេស»។ វាគឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ប្រភេទធាតុផ្សំពីរមុខ (bivalent) ដំបូងបង្អស់ដែលត្រូវបានអនុម័តដោយនិយតករអង់គ្លេស។

នាយកប្រតិបត្តិរបស់ MHRA លោក June Raine បាននិយាយថា ទិន្នន័យពីការសាកល្បងព្យាបាលបានបង្ហាញថា វាបានជំរុញឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរឹងមាំ ប្រឆាំងនឹងមេរោគដើម និងអូមីក្រុង ហើយនឹងផ្តល់នូវ «ឧបករណ៍មុតស្រួចនៅក្នុងឃ្លាំងរបស់យើង» ខណៈដែលជំងឺ COVID-19 នៅតែបន្តវិវត្ត។ ចំណែកនាយកប្រតិបត្តិក្រុមហ៊ុន Moderna លោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកមួយនេះ មានសោមនស្សរីករាយចំពោះការសម្រេចចិត្តនេះ។

វ៉ាក់សាំងបង្ការ Moderna ប្រភេទមុន ធ្លាប់បានជួយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺ COVID-19 ដែលបានលេចចេញជាលើកដំបូងនៅក្នុងប្រទេសចិន នៅចុងឆ្នាំ២០១៩ ហើយវ៉ាក់សាំងដែលកំពុងប្រើនៅពេលបច្ចុប្បន្ននេះ គឺផ្តោតសំខាន់ទៅលើវ៉ារ្យ៉ង់មុនៗ ខណៈដែលសព្វថ្ងៃនេះអនុទម្រង់នៃវ៉ារ្យ៉ង់អូមីក្រុង បំប្លែងខ្លួនជាច្រើនទម្រង់កំពុងវាយប្រហារសាជាថ្មីម្ដងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: