ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ ពីបទគាំទ្រឯករាជ្យភាពកោះតៃវ៉ាន់
- BY
- autoadmin
- August 16, 2022
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការដាក់ទណ្ឌកម្មនេះកើតឡើង បន្ទាប់ពីប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីដើមខែនេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ចមួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នកនយោបាយមួយចំនួន ដែលមកពីគណបក្សកាន់អំណាចរបស់តៃវ៉ាន់ គឺគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរ។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា អ្នកដែលត្រូវបានដាក់ទណ្ឌកម្មនឹងមិនអាចទៅទស្សនកិច្ចនៅប្រទេសចិន ហុងកុង និងម៉ាកាវបានទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំង ៧រូប គឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មនៅមុននេះ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: