លោកយាយអាយុ ១០២ឆ្នាំម្នាក់ ធ្វើការជិះលើអាកាសដើម្បីប្រមូលមូលនិធិសប្បុរសធម៌ និងបំបែកកំណត់ត្រា
លោកយាយ Irene O’Shea ប្រហែលជាទើបតែចាប់ផ្តើមការជិះលើអាកាសនេះកាលពី ២ឆ្នាំមុននៅលោកយាយមានអាយុ ១០០ឆ្នាំ ប៉ុន្តែលោកយាយមិនបង្ហាញសញ្ញាថានឹងឈប់ធ្វើវានោះទេ។ ជាក់ស្តែងជីដូនអាយុ ១០២ឆ្នាំរូបនេះ បានប៉ុនប៉ងបំបែកឯតទគ្គកម្មសម្រាប់អ្នកជិះលើអាកាសចាស់បំផុតនៅលើពិភពលោក បន្ទាប់ពីលោកយាយធ្វើការជិះលើអាកាសនៅក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃអាទិត្យ។ យ៉ាងណាមិញលោកយាយ Irene O’Shea បានបញ្ចប់ការបំបែកឯកទគ្គកម្មនេះដោយបានរៃអង្គាសប្រាក់សម្រាប់អង្គការ Motor Neurone Disease Association of SA ឬ MNDSA ដែលជាអង្គការមួយដែលគាំទ្រដល់អ្នកដែលទទួលរងពីជំងឺសរសៃប្រសាទ។
យោងតាមកាសែត The Advertiser ដែលមានមូលដ្ឋាននៅទីក្រុង Adelaide បានឱ្យដឹងថា កូនស្រីរបស់លោកយាយបានស្លាប់ដោយសារជំងឺសរសៃប្រសាទនេះនៅអាយុ ៦៧ឆ្នាំ ហើយលោកយាយអាចប្រមូលមូលនិធិសប្បុរសធម៌បានជិត ១២,០០០ដុល្លារ សម្រាប់អង្គការនេះ។ ហើយជាងនេះទៅទៀត លោកយាយនៅតែរៃអង្គាសប្រាក់សម្រាប់បុព្វហេតុនេះទៅលើទំព័រ GoFundMe ផងដែរ។
នេះគឺជាលើកទី៣ហើយ ដែលលោកយាយ Irene O’Shea បានលោតរំលងមេឃជាមួយនឹងក្រុម SA Skydiving ដោយលោកយាយបានបញ្ចប់ការលោតលើកដំបូងរបស់គាត់ជាមួយក្រុមនៅឆ្នាំ២០១៦ ចំថ្ងៃខួបកំណើត ១០០ឆ្នាំរបស់គាត់ និងបានត្រលប់មកវិញម្តងទៀតនៅឆ្នាំ២០១៧ សម្រាប់ការលោតមួយផ្សេងទៀត ដោយបានរៃអង្គាសប្រាក់សម្រាប់ MND South Australia ៕





អត្ថបទ៖ លីដា
ប្រភព៖ huffingtonpost