អន្តរជាតិ

កូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងអាមេរិក ចាប់ពីថ្ងៃទី២២ ខែសីហានេះ

BY
autoadmin
August 16, 2022

យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់ ជាមួយកងកម្លាំងអាមេរិក ចាប់ពីថ្ងៃទី២២ ខែសីហា ដោយសន្មតថា ជាសមយុទ្ធសម្រាប់គ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ យោធាបាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពនឹងត្រូវបានចល័ត សម្រាប់ការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេលប្រហែល ៤ឆ្នាំ និងរហូតដល់ថ្ងៃទី០១ ខែកញ្ញា។ ជម្រាបដែរថា សមយុទ្ធរួមនេះត្រូវបានផ្អាកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងក្នុងឆ្នាំ២០១៨។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក សមយុទ្ធនេះត្រូវបានកាត់បន្ថយដោយសារតែជំងឺរាតត្បាតនៃមេរោគឆ្លង។

រដ្ឋបាលរបស់ប្រធានាធិបតីលោក Yoon Suk-yeol ដែលបានចាប់ផ្តើមកាលពីខែឧសភា បានបង្ហាញថា ខ្លួនមានផែនការពង្រីកសមយុទ្ធយោធា ដើម្បីពង្រឹងការការពាររបស់ប្រទេស។ មន្ត្រីការពារជាតិកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា សមយុទ្ធរួមនេះនឹងត្រូវបានធ្វើឱ្យមានលក្ខណៈធម្មតា ដើម្បីកសាងសម្ព័ន្ធភាពរបស់ប្រទេសកូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិកឡើងវិញ និងដើម្បីពង្រឹងជំហរការពាររបស់ពួកគេ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េ​ខាង​ត្បូង​បាននិយាយ​ថា ភាគី​ទាំង​ ២ បាន​ចាប់​ផ្តើម​សមយុទ្ធ​ត្រៀម​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ។ កូរ៉េខាងជើង​ទំនង​ជា​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ខណៈ​ខ្លួន​បាន​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ឱ្យលុប​ចោល​សមយុទ្ធនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: