អន្តរជាតិ

សហរដ្ឋអាមេរិកបានសាកល្បងមីស៊ីលឆ្លងទ្វីប Minuteman III បន្ទាប់ពីពន្យារពេលប៉ុន្មានដង ដោយសារមិនចង់បន្ថែមភាពតានតឹងជាមួយប្រទេសចិន និងរុស្ស៊ី

BY
autoadmin
August 17, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា មេដឹកនាំ​យោធា​អាមេរិក​បាន​ដើរលើ​ផ្លូវ​យ៉ាងប្រុងប្រយ័ត្នមួយ ដោយការពន្យារពេលសាកល្បងមីស៊ីលប៉ុន្មានដង ដើម្បីចៀសវាងភាពតានតឹងបន្ថែមទៀត ជាមួយរុស្ស៊ី និងចិន។ ប៉ុន្តែឥឡូវនេះ ពួកគេបានចាប់ផ្ដើមជាមួយនឹងអ្វីដែលគេហៅថាជា «ទម្លាប់» នៃការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឡើងវិញ។ ការសាកល្បងមីស៊ីល Minuteman III ICBM ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ចេញពីមូលដ្ឋានកងកម្លាំងអវកាសអាមេរិក Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មីស៊ីលបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ហើយបានចុះនៅជិតកោះ Marshall។ មីស៊ីលនេះ​មាន​រយៈ​ចម្ងាយ​ជាង ៩,០០០ គីឡូម៉ែត្រ និង​មាន​ល្បឿន​ប្រហែល ២៤,០០០ គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង។

មន្ត្រីកងទ័ពអាកាសសហរដ្ឋអាមេរិកបាននិយាយថា ការសាកល្បងនេះបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ហើយវាផ្តល់នូវទំនុកចិត្តលើ «ភាពសាហាវ និងប្រសិទ្ធភា» នៃការរារាំងនុយក្លេអ៊ែររបស់ពួកគេ។ សហរដ្ឋអាមេរិកបានធ្វើការធ្វើតេស្តបែបនេះប្រហែល ៣០០ ដងរួចមកហើយ ហើយក្រុមមន្ត្រីបាននិយាយថា នេះមិនមែនជាលទ្ធផលនៃព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នទេ។ កាលពីខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបានប្រកាសពីការពន្យារពេល ដើម្បីជៀសវាងសកម្មភាពណាមួយដែល «អាចត្រូវបានគេយល់ច្រឡំ»។ លោក John Kirby បាននិយាយថា មេដឹកនាំមន្ទីរបញ្ចកោណ មិនចង់បង្កភាពតានតឹងជាមួយរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែននោះទេ។ បន្ទាប់មក នៅដើមខែសីហា ពួកគេបានពន្យារពេលការសាកល្បងម្តងទៀត ដើម្បីជៀសវាងការបង្ករឿងដល់មេដឹកនាំចិនលើកោះតៃវ៉ាន់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: