ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe សម្រេចមិនបន្តដាក់ប្រទេសក្នុងគ្រាអាសន្នទៀតទេ
- BY
- autoadmin
- August 17, 2022
ការិយាល័យប្រធានាធិបតីកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា បាននិយាយថា ប្រទេសស្រីលង្កានឹងមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាលឡើយ ខណៈប្រទេសក្រីក្រមួយនេះកំពុងមានស្ថិរភាពឡើងវិញ។ រំលឹកផងដែរថា លោក Ranil Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយរយៈពេល ៤ថ្ងៃ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់បានរត់ភៀសខ្លួនចេញពីប្រទេស ហើយបានលាលែងពីតំណែងនៅថ្ងៃទី១៤ ខែកក្កដា បន្ទាប់ពីរងការតវ៉ាជាច្រើនខែ ជុំវិញការខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។ ភាពអាសន្នដែលដាក់ដោយ Wickremesinghe នឹងត្រូវលុបចោលនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយគាត់មានអំណាចក្នុងការបន្តវារៀងរាល់ខែបន្ទាប់ពីនោះ។

ការិយាល័យរបស់លោក Wickremesinghe បានដកស្រង់សំដីគាត់ថា៖«ស្ថានភាពនៅក្នុងប្រទេសមានស្ថេរភាព មិនចាំបាច់ដាក់ស្ថានភាពអាសន្នឡើងវិញទេ នៅពេលដែលវាត្រូវផុតកមណត់ក្នុងសប្តាហ៍នេះ»។ គួរឱ្យដឹងដែរថា បទប្បញ្ញត្តិគ្រាអាសន្នអនុញ្ញាតឱ្យកងទ័ព និងប៉ូលីសចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យក្នុងរយៈពេលយូរ ដោយមិនចាំបាច់មានដីការអ្វីទេ។ ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ត្រូវបានរិះគន់យ៉ាងទូលំទូលាយដោយក្រុមសិទ្ធិមនុស្សថា ជាជំហានដ៏ឃោរឃៅដែលអនុញ្ញាតឱ្យប្រធានាធិបតីបង្កើតបទប្បញ្ញត្តិ និងដាក់កម្រិតសេរីភាពរបស់ពលរដ្ឋ ដោយមិនចាំបាច់មានការត្រួតពិនិត្យតាមផ្លូវតុលាការ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






