អន្តរជាតិ

វៀតណាមត្រូវប៉ាន់ខ្លាំង ក្រោយក្រុមហ៊ុន Apple សម្រេចទៅផលិត MacBook និង Apple Watch នៅប្រទេសខ្លួន

BY
autoadmin
August 17, 2022

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ឱ្យ Apple Inc កំពុងពិភាក្សាគ្នា ដើម្បីធ្វើការផលិត Apple Watch និង MacBook នៅក្នុងប្រទេសវៀតណាមជាលើកដំបូង នេះបើយោងតាមសារព័ត៌មាន Nikkei Asia។ របាយការណ៍បន្ថែមថា ក្រុមហ៊ុនផ្គត់ផ្គង់ចិន Luxshare Precision Industry និងក្រុមហ៊ុនដំឡើង iPhone គឺ Foxconn កំពុងចាប់ផ្តើមសាកល្បងផលិត Apple Watch និង MacBook របស់ពួកគេ នៅភាគខាងជើងប្រទេសវៀតណាម ខណៈដែល Apple ក៏កំពុងផ្លាស់ប្តូរផ្នែកខ្លះនៃការផលិត iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត រួមទាំងប្រទេសឥណ្ឌាផងដែរ ដែលនៅទីនោះខ្លួនបានចាប់ផ្តើមផលិត iPhone 13 ក្នុងឆ្នាំនេះ ហើយក៏គ្រោងនឹងដំឡើងថេប្លេត iPad នាពេលខាងមុខផងដែរ។

ប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំជាងគេទី២របស់ពិភពលោក រួមជាមួយនឹងប្រទេសដូចជា៖ ម៉ិកស៊ិក និងវៀតណាម កំពុងផ្ដល់សារៈសំខាន់កាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុនជាប់កិច្ចសន្យាដែលបម្រើការឱ្យម៉ាកយីហោរបស់អាមេរិក ខណៈដែលពួកគេព្យាយាមដកខ្លួនចេញឆ្ងាយពីប្រទេសចិន។ យ៉ាងណា ទាំងភាគី Apple, Foxconn និង Luxshare Precision មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​របស់ រ៉យទ័រ នោះទេ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុនរបស់តៃវ៉ាន់ Foxconn ក៏បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេចំពោះលទ្ធផលក្នុងត្រីមាសទី៣នេះ ដោយលើកឡើងពីការធ្លាក់ចុះនៃតម្រូវការស្មាតហ្វូន បន្ទាប់ពីការរីកដុះដាលដោយសារជំងឺរាតត្បាត COVID-19 ។ ក្រុមហ៊ុន Foxconn ក៏មិនខុសពីក្រុមហ៊ុនផលិតអន្ដរជាតិផ្សេងៗទៀតដែរ កង្វះខាតបន្ទះឈីប (chips) បានធ្វើឱ្យរាំងស្ទះដល់ការផលិតរបស់ខ្លួន ខណៈដែលសង្គ្រាមនៅអ៊ុយក្រែនកាន់តែធ្វើឱ្យការដឹកជញ្ជូនមានភាពយ៉ាប់យ៉ឺន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: