Elon Musk ថា រឿងទិញក្លិបបាល់ទាត់ Manchester United គឺលោកនិយាយលេងទេ
មុននេះបន្ដិច លោក Elon Musk បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់គាត់ថា គាត់នឹងមិនទិញយកក្លឹបបិសាចក្រហម Manchester United ដូចដែលគាត់បានអះអាងកាលពីពេលព្រឹកមិញនោះឡើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ រំលឹកផងដែរថា កាលព្រឹកមិញនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X រូបនេះ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«គាត់កំពុងទិញយក Manchester United» ប៉ុន្តែឥឡូវនេះ រូបគាត់បានបញ្ជាក់ពីការអត្ថាធិប្បាយនោះថា វាគ្រាន់តែជាការនិយាយលេចសើចប៉ុណ្ណោះ។

មូលហេតុដែលគាត់បានបញ្ជាក់ពីការលើកឡើងនេះវិញ គឺដោយសារអ្នកលេងបណ្ដាញម្នាក់បានសួរគាត់ថា៖«តើគាត់និយាយពិតមែនឬ?» ហើយលោក Elon Musk ក៏បានឆ្លើយទៅវិញថា៖«ទេ។ នេះគ្រាន់ជារឿងកំប្លែងដ៏យូរលង់នៅលើ Twitter។ ខ្ញុំមិនទិញយកក្រុមកីឡាណាមួយឡើយ។» ដោយបានបន្ថែមថា៖«ទោះជាបែបនេះក៏ដោយ បើសួរថាខ្ញុំចូលចិត្តក្រុមណា ខ្ញុំនឹងរើសយក Man U។ ពួកគេគឺជាក្រុមដែលខ្ញុំចូលចិត្តកាលពីកុមារភាព។»
គួរឱ្យដឹងដែរថា មហាសេដ្ឋីវ័យ ៥១ឆ្នាំ លោក Elon Musk បានដាក់សំណើដេញថ្លៃចំនួន ៤៤ ពាន់លានដុល្លារ ដើម្បីទិញបណ្ដាញសង្គម Twitter ក្នុងខែមេសា ប៉ុន្តែអ្នកគាំទ្ររបស់ Manchester United ចង់ឱ្យគាត់ចំណាយប្រាក់របស់គាត់ទៅលើក្រុមមិនសមប្រកប Manchester United ឯណោះវិញ ខណៈលោកផ្ទាល់ក៏កំពុងដកខ្លួនចេញពីការទិញយកបណ្ដាញ Twitter។ អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United ក៏មិនចូលចិត្តម្ចាស់ក្លឹបផងដែរ ដោយសារស្ថានភាពនៃការប្រកួតរបស់ក្រុមនេះនាពេលកន្លងមក ហើយក៏មានភាពចម្រូងចម្រាសផ្សេងៗទៀតផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail