ប្រទេសហ្ស៊ីមបាវ៉េ មើលឃើញការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល កុមារជាង ១៥០ នាក់បានប៉ះពាល់ដល់ជីវិត
- BY
- autoadmin
- August 18, 2022
យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលប្រទេសហ្ស៊ីមបាវ៉េ បង្ហាញពីស្ថានភាពរីករាលដាលនៃជំងឺកញ្ជ្រឹល (measles) ដែលយ៉ាងហោចណាស់មានកុមារ ១៥៧ នាក់ត្រូវបានស្លាប់ និងច្រើនជាង ២០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ក្នុងនោះដែរ ចំនួនករណីជំងឺកញ្ជ្រឹលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅដើមខែសីហា ដែលចំនួនអ្នកស្លាប់បានកើនឡើងជិតទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

ចំណែកលោក Monica Mutswangwa រដ្ឋមន្ត្រីក្រសួងព័ត៌មានហ្ស៊ីមបាវ៉េ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា « រដ្ឋាភិបាលកំពុងពន្លឿនការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនដែលងាយរងគ្រោះ ហើយនឹងប្រើអំណាចច្បាប់ពិសេសដើម្បីយកថវិកាពីមូលនិធិគ្រោះមហន្តរាយជាតិមកដោះស្រាយ “ស្ថានភាពអាសន្ន” នេះ » ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ជំងឺកញ្ជ្រឹលច្រើនកើតលើកុមារ ដោយរោគសញ្ញាទូទៅ ជាកន្ទួលក្រហមនៅលើមុខ មុនពេលរាលដាលពាសពេញរាងកាយ ករណីធ្ងន់ធ្ងរជាងនេះ អាចនាំឱ្យងងឹតភ្នែក ហើមខួរក្បាល រាគ និងរលាកផ្លូវដង្ហើមជាដើម។ លើសពីនេះទៅទៀតអង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានកាលពីខែមេសាកន្លងទៅថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកជាច្រើនកំពុងប្រឈមមុខនឹងការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនៃជំងឺដែលអាចការពារបាន ដោយសារតែការពន្យាពេលក្នុងការចាក់វ៉ាក់សាំងកុមារ ដែលគេបានរកឃើញថា ករណីជំងឺកញ្ជ្រឹលកើនឡើង ៤០០%៕


អត្ថបទ៖ Bee
ប្រភព៖ mgronline
- Share This Post:






