ស្ត្រីម្នាក់នៅចិនដាក់ពាក្យប្តឹងទៅតុលាការ ក្រោយត្រូវមិត្តរួមការងារឱបខ្លាំងពេក ធ្វើឱ្យបាក់ឆ្អឹងជំនី៣កង់
- BY
- autoadmin
- August 18, 2022
ចិន៖ ហេតុការណ៍មួយបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan ប្រទេសចិន កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចឱបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថា ការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង ក្រោយមកពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។

ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលក្រោយពីការថតកាំរស្មីអ៊ិច គេបានរកឃើញថា នាងមានការបាក់ឆ្អឹង៣ចំណុច ដែល២កន្លែងនៅឆ្អឹងជំនីខាងស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ក្នុងអំឡុងពេលនាងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស្ត្រីរូបនេះបានណាត់ជួបមិត្តរួមការងារបុរសដែលឱបនាងរហូតបាក់ឆ្អឹង ដោយនាងបានព្យាយាមចរចាជាមួយគាត់ដើម្បីទាមទារសំណង ប៉ុន្តែបុរសនោះបានអះអាងថា នាងមិនមានភស្តុតាងបញ្ជាក់ថា របួសនេះបណ្តាលមកពីការឱបមិត្តភាពរបស់គាត់នោះទេ។
នៅពេលដែលលឺដូច្នេះហើយ ទើបស្ត្រីរូបនេះបានសម្រេចចិត្តដាក់ពាក្យប្តឹងមិត្តរួមការងារប្រុសរូបនេះ ដើម្បីទាមទារសំណងសម្រាប់ប្រាក់ចំណូលដែលនាងបានបាត់បង់ ខណៈពេលដែលនាងសម្រាកព្យាបាលនៅពេទ្យ។ ទីបំផុតតុលាការបានបង្គាប់ឲ្យបុរសម្នាក់នោះសងសំណងជំងឺចិត្តដល់នាងចំនួន (១០,០០០ យន់ ឬជិត ២០០០ដុល្លារ) ចំណែកតុលាការបាននិយាយថា មិនមានភស្តុតាងណាដែលបញ្ជាក់ពីសកម្មភាពរបស់ស្ត្រីរូបនេះដែលអាចធ្វើអោយបាក់ឆ្អឹងក្នុងអំឡុងពេលប្រាំថ្ងៃនោះទេ ដូច្នេះហើយទើបត្រូវបានគេជឿថារបួសរបស់នាងគឺបណ្តាលមកពីការឱបរបស់មិត្តរួមការងារនោះឯង៕

អត្ថបទ៖ Bee
ប្រភព៖ mgronline
- Share This Post:






