ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន នឹងទៅចូលរួមកិច្ចប្រជុំ G20 នៅឯកោះបាលីក្នុងខែវិច្ឆិកាខាងមុខ

    BY autoadmin August 19, 2022
    លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន នឹងទៅចូលរួមកិច្ចប្រជុំ G20 នៅឯកោះបាលីក្នុងខែវិច្ឆិកាខាងមុខ

    ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បាននិយាយថា មេដឹកនាំប្រទេសចិនលោក ស៊ី ជីនពីង  និងមេដឹកនាំប្រទេសរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានគម្រោងនឹងមកចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា។ លោក វីដូដូ បានប្រាប់ទៅ Bloomberg News ក្នុងបទសម្ភាសន៍មួយថា៖«លោក ស៊ី ជីនពីង នឹងមកចូលរួម។ ប្រធានាធិបតី ពូទីន ក៏បានប្រាប់ខ្ញុំថា គាត់នឹងមកផងដែរ»។ នេះ​ជាការ​បញ្ជាក់​លើកដំបូង​ ដែល​មេដឹកនាំ​ទាំង ២ ​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​ G20 ហើយវានឹងក្លាយជាកិច្ចប្រជុំកំពូលពិភពលោកលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់។

    វាក៏ជាលើកទី១ផងដែរ ដែលលោក ស៉ី បានចាកចេញពីប្រទេសចិន ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នៅពេលដែលប្រទេសចិន បានបិទព្រំដែនរបស់ខ្លួននៅពេលចាប់ផ្តើមនៃជំងឺរាតត្បាត COVID-19 ។ ចាប់តាំងពីពេលនោះមកលោក ស៊ី ជីនពីង គ្រាន់តែបានចាកចេញពីចិនដីគោក ដើម្បីប្រារព្ធខួបលើកទី២៥ នៃការប្រគល់ហុងកុងទៅកាន់ប្រទេសចិននៅថ្ងៃទី០១ ខែកក្កដាឆ្នាំនេះប៉ុណ្ណោះ។ កិច្ចប្រជុំកំពូលនៅខែវិច្ឆិកា នឹងក្លាយជាប្រធានបទសំខាន់ ដោយសារប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងមកចូលរួមផងដែរ ប៉ុន្តែវាមិនច្បាស់ទេថា តើគាត់នឹងជួបជាមួយលោក ពូទីន ដែរ ឬទេ។ ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ពី​លទ្ធភាព​នៃ​ជំនួប​ទល់មុខ​គ្នា​រវាង​លោក បៃដិន និង​លោក ស៉ី ក្នុងពេល​ឆាប់ៗ​ខាងមុខ​ នៅ​មុន​កិច្ចប្រជុំ​កំពូល ឬ​ក្រោយកិច្ចប្រជុំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: