អន្តរជាតិ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ដើមខែក្រោយ

BY
autoadmin
August 22, 2022

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ដើម្បីត្រៀមខ្លួន សម្រាប់ភាពអាសន្ននៅឧបទ្វីបកូរ៉េ។ កងទ័ពរបស់ភាគីទាំង ២ ក៏គ្រោងនឹងហាត់សមពីការវាយប្រហារតាមឧទ្ធម្ភាគចក្រ និងការដកអាវុធដែលនាំឱ្យមានមហន្តរាយធំផងដែរ។ សមយុទ្ធនេះមានឈ្មោះថា «Ulchi Freedom Shield» ដែលនឹងបណ្តុះបណ្តាលការចល័តកម្លាំងខ្នាតធំដំបូងបំផុត ក្នុងរយៈពេលប្រហែល ៤ ឆ្នាំចុងក្រោយនេះ។ វាក៏ជាសមយុទ្ធរួមគ្នារបស់អាមេរិក – កូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីលោក Yoon Suk-Yeol បានចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែឧសភា។

លោក Yoon Suk-Yeol បានប្រាប់ទៅកាន់គណៈរដ្ឋមន្រ្តីថា ដើម្បីរក្សាសន្តិភាពនៅឧបទ្វីបកូរ៉េ ឥរិយាបថសន្តិសុខផ្លូវទឹកនឹងត្រូវបានបម្រើជាមូលដ្ឋាន។ ចំណែកទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានចាប់ផ្តើមការធ្វើសមយុទ្ធគ្រប់គ្រងវិបត្តិ (crisis-management) នៅថ្ងៃច័ន្ទនេះផងដែរ។

គួរឱ្យដឹងដែរថា សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានលុបចោល ឬពន្យារពេល នៅក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីលោក Moon Jae-in ដោយសារគាត់ចង់លើកកម្ពស់ការសន្ទនា ជាមួយប្រទេសកូរ៉េខាងជើង។ ប៉ុន្តែរដ្ឋបាលរបស់លោក Yoon មើលឃើញថា សមយុទ្ធយោធាទ្រង់ទ្រាយធំៗជាមួយសហរដ្ឋអាមេរិក គឺជាវិធានការនៃការទប់ស្កាត់ដ៏សំខាន់មួយ។ សមយុទ្ធនេះទំនងជាធ្វើឱ្យមានប្រតិកម្មខ្លាំងពីទីក្រុងព្យុងយ៉ាង ដែលបានអំពាវនាវឱ្យលុបចោលសមយុទ្ធមួយនេះ។ កាលពីសប្តាហ៍មុន លោកស្រី គីម យូជុង ដែលជាប្អូនស្រីសំណព្វរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានរិះគន់យ៉ាងខ្លាំងៗថា លោក Yoon គឺជាមនុស្សមិនចេះខ្មាសអៀន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: