ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្តាយដែលបំបៅកូនដោយទឹកដោះយ៉ាងហោចណាស់ ៦ខែ អាចកាត់បន្ថយហានិភ័យនៃជំងឺថ្លើម និងជំងឺមហារីកផ្សេងៗ

    BY autoadmin December 13, 2018
    ម្តាយដែលបំបៅកូនដោយទឹកដោះយ៉ាងហោចណាស់ ៦ខែ អាចកាត់បន្ថយហានិភ័យនៃជំងឺថ្លើម និងជំងឺមហារីកផ្សេងៗ

    ការស្រាវជ្រាវរបស់អាមេរិកមួយបានបង្ហាញថា ម្តាយដែលបំបៅកូនដោយទឹកដោះម្តាយជាង៦ខែ អាចធ្វើឱ្យពួកគេមានជាតិខ្លាញ់តិចនៅក្នុងថ្លើម និងថយចុះហានិភ័យនៃជំងឺថ្លើម។ ការបំបៅកូនដោយទឹកដោះម្តាយត្រូវបានផ្តល់នូវអត្ថប្រយោជន៍នៃសុខភាពសម្រាប់ស្ត្រី រួមទាំងការថយចុះហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួនទៀតផង។ ជាងនេះផងដែរការសិក្សាថ្មីមួយបានផ្តោតថា តើការបំបៅដោះទារកក៏អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺខ្លាញ់រុំថ្លើម (NAFDL) ដែលទាក់ទងជាមួយនឹងការធាត់ និងទម្លាប់នៃការញ៉ាំខ្លះដែរឬទេ?

    យ៉ាងណាមិញអ្នកស្រាវជ្រាវបានតាមដានស្ត្រីចំនួន ៨៤៤នាក់ អស់រយៈពេល ២៥ឆ្នាំ បន្ទាប់ពីពួកគេបានសម្រាលកូនរួច ហើយសរុបមកមាន ៣២% ដែលម្តាយបំបៅទឹកដោះកូនមិនបានដល់១ខែ, ២៥% បំបៅដោះកូនពី ១ទៅ ៦ខែ និង ៤៣% គឺបំបៅកូនបានយូរជាង ៦ខែ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលបំបៅកូនដោយទឹកដោះម្តាយយ៉ាងហោចណាស់ ៦ខែ គឺ ៥២% នៃពួកគេហាក់ដូចជាបានកាត់បន្ថយការវិវត្តនៃជាជំងឺថ្លើម ជាងម្តាយដែលបំបៅកូនតិចជាង ១ខែ។ ការវិភាគថ្មីនេះបានរួមចំណែកដល់ការកើនឡើងនៃភស្តុតាងដែលបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពដល់ម្តាយផងដែរ។

    ការសិក្សានេះមិនបានបញ្ជាក់បានថា តើការបំបៅកូនដោយទឹកដោះម្តាយអាចរារាំងជំងឺខ្លាញ់រុំថ្លើម NAFLD មិនឱ្យកើតមានបានទេ តែអ្នកស្រាវជ្រាវបានសម្គាល់ថា វាអាចទៅរួចដែលថាស្ត្រីដែលបំបៅកូនដោយទឹកដោះរយៈពេលយូរមានរបៀបរស់នៅដែលមានសុខភាពល្អដែលនាំអោយមានការថយចុះហានិភ័យនៃជំងឺថ្លើម។ វេជ្ជបណ្ឌិត Lori Feldman-Winter នៃ Cooper Medical School ក៏បាននិយាយថា ស្ត្រីត្រូវបានគេណែនាំឱ្យបំបៅកូនដោយទឹកដោះម្តាយសម្រាប់រយៈពេលយ៉ាងហោចណាស់ ៦ខែ ទើបទាំងកូន និងម្តាយមានសុខភាពល្អ៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: