ពលរដ្ឋមីយ៉ាន់ម៉ាតម្រង់ជួរចាំទិញប្រេង ដែលរដ្ឋលក់ក្នុងតម្លៃខាត ខណៈសេដ្ឋកិច្ចរបស់ប្រទេសនេះ បានរងផលប៉ះពាល់ដោយសាររដ្ឋប្រហារ និងសង្គ្រាមនៅអ៊ុយក្រែន
- BY
- autoadmin
- August 22, 2022
មនុស្សរាប់សិបនាក់បានតម្រង់ជួរចាំទិញប្រេងឆា ដែលរដ្ឋលក់ក្នុងតម្លៃខាត នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលវិបត្តិសេដ្ឋកិច្ចបានវាយប្រហារយ៉ាងខ្លាំងលើទីក្រុងនេះ។ សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះបន្ទាប់ពីការធ្វើរដ្ឋប្រហារដោយយោធាកាលពីឆ្នាំមុន ហើយក៏ត្រូវបានរង្គោះរង្គើបន្ថែមទៀត ដោយការប៉ុនប៉ងរបស់របបយោធាក្នុងការរឹបអូសយករូបិយប័ណ្ណបរទេស ក៏ដូចជាច្បាប់ដែលមិនប្រក្រតីគ្រប់គ្រងលើអាជីវកម្ម និងការនាំចូល។

កម្រិតជីវភាពរបស់ប្រជាជនកំពុងត្រូវបានរារាំង ដោយការកើនឡើងនៃតម្លៃទំនិញសកល ដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឱ្យមនុស្សជាច្រើនមានការពិបាកតស៊ូនឹងជីវភាព និងពឹងផ្អែកលើការឧបត្ថម្ភធន ឬសប្បុរសធម៌ដើម្បីដាក់អាហារនៅលើតុ។
បើតាមសម្ដីរបស់ពលរដ្ឋម្នាក់ឈ្មោះថា Khin Khin Than អាយុ ៥៥ឆ្នាំ បាននិយាយថា៖«ប្រជាជនមិនអាចចំណាយប្រាក់ច្រើនលើម្ហូបអាហារទេ ដោយសារតម្លៃទំនិញឡើងថ្លៃពេក» ខណៈគាត់ត្រូវទិញប្រេងឆាក្នុងតម្លៃថោក ដែលលក់ដោយសមាគមក្នុងស្រុកមួយ។ គាត់បន្តថា តម្លៃទីផ្សារសម្រាប់ប្រេងឆាប្រហែល ១.៦ គីឡូក្រាម បានឡើងថ្លៃរហូតដល់ប្រមាណ ៤.២៥ ដុល្លារ ដែលឡើងពីតម្លៃ ២.៣៧ ដុល្លារ។ គាត់បាននិយាយថា ប្រសិនបើក្នុងផ្ទះមួយមានមនុស្សតែម្នាក់ធ្វើការ នោះពួកគេនឹងមិនអាចមានអ្វីហូបនោះឡើយ។ គួររំលឹកដែរថា កាលពីខែកក្កដា ធនាគារពិភពលោកបានឱ្យដឹងថា ប្រជាជនរបស់ប្រទេសនេះប្រហែល ៤០% គឺកំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ចំណែកតម្លៃអង្ករបានឡើងថ្លៃផងដែរ ដោយសារការកើនឡើងថ្លៃដឹកជញ្ជូន និងដោយសារយោធា និងយុទ្ធជនប្រឆាំងរបបយោធា ប្រែក្លាយប្រទេសទាំងមូលទៅជាសមរភូមិ។ សូម្បីតែកាសែត Global New Light of Myanmar ដែលគាំទ្រដោយរដ្ឋ ក៏បានរាយការណ៍ស្ទើរតែរាល់ថ្ងៃអំពីការកើនឡើងនៃថ្លៃអង្ករ ស៊ុត បន្លែ ការធ្វើដំណើរតាមឡានក្រុង និងការជួល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា កាលពីសប្តាហ៍មុនតម្លៃប្រេងម៉ាស៊ូត ១លីត្រ បានហក់ឡើងប្រហែល ១.១៥ ដុល្លារ ក្នុងមួយលីត្រ ខណៈពលរដ្ឋនៅក្នុងប្រទេសនេះនៅមុនរដ្ឋប្រហារ គឺចំណាយប្រមាណជា ០.៣៣ ដុល្លារប៉ុណ្ណោះ សម្រាប់ការចូលចាក់ប្រេងម្ដងៗ។ ពលរដ្ឋភាគច្រើនមានជីវភាពក្រីក្រ ខណៈពលរដ្ឋដែលមានជីវភាពល្អប្រសើរព្យាយាមតាមដែលអាចធ្វើបាន ក្នុងការជួយសហគមន៍របស់ពួកគេ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






