ម្តាយចុងចិត្តខ្មៅត្រូវបានផ្តន្ទាទោសឱ្យជាប់គុក២៨ឆ្នាំ ដោយសារវាយធ្វើបាប និងបង្អត់អាហារកូនដើមស្ទើរតែជិតស្លាប់
ស្ត្រីម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់គុក២៨ឆ្នាំ ដោយសាររូបគេបានធ្វើទារុណកម្មដោយបង្អត់អាហារកូនដើមរបស់ខ្លួនដែលមានអាយុទើបតែ ៥ឆ្នាំ។ យ៉ាងណាមិញបន្ទាប់ពីបានផ្តល់សក្ខីកម្មអស់រយៈពេល ១០ថ្ងៃ អ្នកនាំពាក្យការិយាល័យមេធាវីប្រចាំតំបន់ Harris County លោក Dane Schiller បានប្រកាសកាលពីថ្ងៃចន្ទថា គណៈវិនិច្ឆ័យបានសម្រេចបញ្ជូននាង Tammi Bleimeyer ជាម្តាយចុងឱ្យជាប់គុកអស់រយៈពេល២៨ឆ្នាំ។
ការកាត់ក្តីនេះគឺដោយសារ កុមាររងគ្រោះត្រូវបានម្តាយចុង និងឪពុកដាក់ធ្វើទារុណកម្មដោយដាក់ឱ្យដេកនៅក្នុងបន្ទប់ក្រោមជណ្តើរមួយ (ជាធម្មតាសម្រាប់ដាក់អីវ៉ាន់) ហើយបានបង្អត់អាហារកុមាររងគ្រោះស្ទើរតែជិតស្លាប់។ ករណីឈានដល់ការចាប់ខ្លួនប្តីប្រពន្ធនេះបានចាប់ផ្តើមនៅខែមីនា ដោយមានការរាយការណ៍ពីបងប្រុសរបស់កុមារនេះផ្ទាល់តែម្តង។ ស្របពេលមានការរាយការណ៍នេះដែរនាង Tammi Bleimeyer ដែលជាម្តាយចុង បានភៀសខ្លួនរួចទៅហើយជាមួយកុមារារងគ្រោះនៅពេលដែលពួកមន្ត្រីប៉ូលិសបានចុះឆែកក្នុងផ្ទះរបស់នាង តែក្រោយមកកុមារារងគ្រោះត្រូវបានគេជួយសង្គ្រោះភ្លាមៗបន្ទាប់ពីក្រុមប៉ូលិសបានតាមនាងជាម្តាយចុងទាន់នៅម៉ូតែលមួយក្នុងទីក្រុង Humble រដ្ឋ Texas។
កុមារានេះត្រូវបានប៉ូលិសប្រាប់ឱ្យដឹងថា បើរូបគាត់មិនទទួលបានការសង្គ្រោះទាន់ពេលនោះទេ គាត់អាចនឹងស្លាប់ដោយការអត់ឃ្លាននេះបាន ព្រោះខ្លួនរបស់គាត់គឹសល់តែស្បែកដណ្តប់ឆ្អឹងតែប៉ុណ្ណោះ។ កុមារានេះត្រូវបាននាងជាម្តាយចុងឱ្យបរិភោគតែចំណិតនំបុ័ង ហើយបើគេមិនបរិភោគវាឱ្យលឿនទេ នាងនឹងដកវាមកវិញភ្លាម។ យ៉ាងណាមិញបងប្រុសរបស់កុមារានេះក៏បានផ្តល់ការសង្ស័យដែរថា ប្អូនរបស់គាត់អាចនឹងត្រូវបាន ២នាក់ម្តាយឪពុកនេះវាយក្បាលទៅនឹងជញ្ជាំងផងដែរ។ កុមារារងគ្រោះត្រូវបានឱ្យដឹងមកថា បានផ្លាស់ចូលទៅរស់នៅជាមួយម្តាយដើម និងបងប្រុសរស់ខ្លួនវិញហើយ បន្ទាប់ពីចាប់បានឪពុកនិងម្តាយចុងចិត្តខ្មៅទាំង២រួច៕



អត្ថបទ៖ លីដា
ប្រភព៖ chron