ក្រុមគ្រួសារជនរងគ្រោះក្នុងការធ្លាក់យន្តហោះក្រុមហ៊ុន Lion Air បានប្រមូលផ្តុំគ្នាបាតុកម្ម ដើម្បីឱ្យមានការស្វែងរកជនរងគ្រោះបែបបច្ចេកវិទ្យាទំនើប
ក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ទាំង១៨៩នាក់ នៅក្នុងការធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Lion Air គ្រោងធ្វើបាតុកម្មមួយនៅឥណ្ឌូនេស៊ីក្នុងថ្ងៃព្រហស្បតិ៍នេះ ខណៈដែលប្រតិបត្តិការដើម្បីនាំយកបំណែកកម្ទេចបំណែក និងប្រអប់ខ្មៅទី២ គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ ក្រុមតំណាងឱ្យប្រជាជនប្រហែល ៥០គ្រួសារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាច់ញាតិរបស់ជនរងគ្រោះសង្ឃឹមថា សមាជិកគ្រួសាររបស់ពួកគេដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់នេះអាចត្រូវបានរកឃើញ ហើយសាកសពរបស់ជនរងគ្រោះនឹងត្រូវបានគ្រួសាររបស់ពួកគេយកមកធ្វើបុណ្យយ៉ាងត្រឹមត្រូវ។ កន្លងមក ៦៤សាកសពដែលត្រូវបានរកឃើញគឺមិនទាន់អាចកំណត់អត្តសញ្ញាណ ហើយវាគឺមានចំនួនតែ ៣០ភាគរយនៃជនរងគ្រោះប៉ុណ្ណោះ។
តំណាងគ្រួសារនៃសពបានបន្តថា៖ «យើងសង្ឃឹមថាការស្វែងរកជនរងគ្រោះនឹងត្រូវបានប្រើប្រាស់នាវាដែលមានបច្ចេកវិទ្យាទំនើប»។ យ៉ាងណាមិញក្រុមហ៊ុនអាកាសចរណ៍ Lion Air កំពុងចំណាយប្រាក់សម្រាប់នាវាឯកទេសមួយដែលនឹងមកដល់នៅថ្ងៃច័ន្ទនេះ ដើម្បីជួយក្នុងការនាំយកបំណែករបស់យន្តហោះដែលបានធ្លាក់នេះ ហើយផ្តល់ឱ្យអ្នកស៊ើបអង្កេតនូវឱកាសកាន់តែប្រសើរឡើងក្នុងការស្វែងរកប្រអប់ខ្មៅទី២ (CVR) ដែលថតសំលេងនៅក្នុងយន្ដហោះ។ ហើយការស្វែងរកលើកនេះនឹងត្រូវចំណាយអស់ប្រហែល ២.៦លានដុល្លារអាមេរិក ក្នុងរយៈពេល១០ថ្ងៃដំបូង ដោយ Lion Air គឺជាអ្នកចេញថ្លៃទាំងអស់នេះ ព្រោះរដ្ឋមិនមានថវិកាឡើយ៕




អត្ថបទ៖ លីដា
ប្រភព៖ oann