ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យអត្រាកំណើត និងអាពាហ៍ពិពាហ៍មានការថយចុះ
- BY
- autoadmin
- August 23, 2022
គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ជំងឺរាតត្បាត COVID-19 បានរួមចំណែកដល់ការថយចុះនៃអត្រាអាពាហ៍ពិពាហ៍ និងកំណើតទារក នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការចំណាយខ្ពស់នៃការអប់រំ និងការចិញ្ចឹមកូន។ ស្ត្រីជាច្រើនកំពុងបន្តពន្យារពេលផែនការរៀបការ ឬមានកូន ដោយបន្ថែមថា ការវិវឌ្ឍន៍របស់សេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័ស បាននាំឱ្យស្ថានភាពមានការផ្លាស់ប្ដូរទាំងស្រុង។ យុវជនដែលផ្លាស់ទីលំនៅទៅកាន់តំបន់ទីក្រុង ការចំណាយពេលវេលាកាន់តែច្រើនលើការអប់រំ និងបរិយាកាសការងារដែលមានសម្ពាធខ្ពស់ ក៏បានដើរតួជាចំណែករបស់ពួកគេផងដែរ។

ជាមួយគ្នានេះដែរ គោលនយោបាយ «zero-COVID-19»ដែលមិនចុះញ៉មប្រទេសចិន នៅក្នុងការលុបបំបាត់ការផ្ទុះឡើងភ្លាមៗ ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជីវិតរបស់មនុស្ស ក៏ជាកត្តាដែលធ្វើឱ្យមានការខូចខាតជ្រាលជ្រៅ និងយូរអង្វែង លើបំណងប្រាថ្នាចង់មានកូនរបស់ពលរដ្ឋផងដែរ។ អ្នកសង្កេតការណ៍បាននិយាយថា កំណើតថ្មីនៅក្នុងប្រទេសចិន ត្រូវបានកំណត់ថា នឹងអាចធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ជាមួយនឹងការព្យាករណ៍ថា នឹងមានកំណើតថ្មីក្រោម ១០ លាននាក់ប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំមុនដែលមានប្រមាណ ១០.៦ លាននាក់។ ចិនមានអត្រាមានកូន (fertility rate) ១.១៦ នាក់ ក្នុងឆ្នាំ២០២១ ដែលជាអត្រាទាបបំផុតក្នុងពិភពលោក និងទាបជាងអត្រាមធ្យម ២.១ នាក់ ដែលចាំបាច់បំផុតសម្រាប់ប្រជាជនដែលមានស្ថិរភាព។
ដោយសារតែការដាក់គោលនយោបាយមានកូនតែម្នាក់ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ ប្រទេសចិនបានទទួលស្គាល់ថា ចំនួនប្រជាជនរបស់ខ្លួនកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដែលវាមិនមែនប៉ះពាល់ត្រឹមតែចំនួនប្រជាជននោះទេ ប៉ុន្តែសមត្ថភាពក្នុងការរកមនុស្សជំនាន់ថ្មីមកថែរក្សាមនុស្សចាស់ជរា និងការចំណាយ។ ដើម្បីទប់ទល់នឹងបញ្ហានេះ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដូចជាការផ្អាកបង់ពន្ធ ការឈប់សម្រាកលំហែមាតុភាពរយៈពេលយូរ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រ ប្រាក់ឧបត្ថម្ភលើលំនៅឋាន និងប្រាក់បន្ថែមសម្រាប់កូនទី៣៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






