អន្តរជាតិ

ប្រទេសចិនកំពុងប្រយុទ្ធនឹង​ភ្លើង​ឆេះ​ព្រៃ ហើយរំពឹងថានឹងមានភ្លៀងធ្លាក់នៅចុងខែនេះ

BY
autoadmin
August 24, 2022

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters កាល​ថ្ងៃ​ទី​២៣ ខែ​សីហា អាជ្ញាធរចិនកំពុងចល័តអ្នកពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Chongqing និងតំបន់នានាក្នុងខេត្ត Sichuan ភាគនិរតីរបស់ប្រទេស ចំ​ពេល​ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ខុស​ពី​ធម្មតា និង​ការ​រំពឹង​ទុក​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ចុង​ខែ។

ចំណែកទីស្នាក់ការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិនបាននិយាយថា៖ រលកកំដៅបានមកដល់រយៈពេល ១២ថ្ងៃហើយ ហើយកម្រិតប្រកាសអាសន្នពណ៌ក្រហមត្រូវបានរក្សា ប៉ុន្តែ​សីតុណ្ហភាព​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​ពី​ភ្លៀង​នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ជា​ពិសេស​នៅ​ខេត្ត Sichuan និង Chongqing។

យោងតាមក្រសួងគ្រប់គ្រងគ្រាអាសន្នបានឱ្យដឹងថា មន្ត្រីកណ្តាលជាង ២,៨០០ នាក់ត្រូវបានបញ្ជូនជាមួយមន្ត្រីក្នុងតំបន់នៅក្នុងខេត្ត Chongqing និង Sichuan ដើម្បីជួយទប់ស្កាត់ភ្លើងឆេះព្រៃ។ ចំណែករលកកំដៅក៏បានប៉ះពាល់ដល់ដំណាំផងដែរ ដោយជំរុញឱ្យកសិករចិនដំឡើងប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ ហើយប្តូរទៅធ្វើការនៅពេលយប់ ដើម្បីជៀសវាងកំដៅខ្លាំង។ ដោយមានការរំពឹង​ទុកថា​រដូវ​ប្រមូល​ផល​ខាង​មុខ​ទំនង​ជា​នឹង​រង​ការ​ខូច​ខាត​ច្រើន​ពី​គ្រោះ​រាំង​ស្ងួត​ខាង​លើ។

គួរបញ្ជាក់អោយដឹងផងដែរថា៖ ស្ថានភាពភ្លើងឆេះព្រៃបានជំរុញឱ្យអាជ្ញាធរចិនបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ខណៈដែលភ្លើងឆេះគឺមានគ្រោះថ្នាក់ខ្លាំង ជាពិសេសតំបន់កណ្តាល និងភាគខាងត្បូងនៃខេត្ត Chongqing និងភាគខាងកើតនៃខេត្ត Sichuan ជាដើម៕

អត្ថបទ៖ Bee
ប្រភព៖ reuters

Share This Post: