ចំនួនអ្នកកាសែតរាប់រយនាក់ដែលត្រូវបានជាប់គុកដោយសារករណីយកិច្ចរបស់ខ្លួន បានក្លាយទៅជាក្តីបារម្មណ៍លើសេរីភាពសារពត៌មាន
គណៈកម្មាធិការការពារអ្នកកាសែតបាននិយាយនៅក្នុងកិច្ចការស្រាវជ្រាវប្រចាំឆ្នាំថា មានអ្នកសារព័ត៌មានចំនួន ២៥១នាក់ ត្រូវបានគេចាប់ដាក់គុកដោយសារការបំពេញការងាររបស់ពួកគេគិតត្រឹមថ្ងៃទី១ ខែធ្នូ។ ហើយ៣ឆ្នាំជាប់គ្នានេះ ជាងពាក់កណ្តាលនៃការចាប់ខ្លួនអ្នកសារពត៌គឺបានមកពីប្រទេសទួរគី ចិន និងអេហ្ស៊ីប ដែលអាជ្ញាធរនៃប្រទេសទាំងនេះបានចាប់ក្រុមអ្នកសារព័ត៌មានក្នុងរូបភាពដោយចោទថាពួកគេប្រឆាំងនឹងសកម្មភាពរបស់រដ្ឋាភិបាល។
យោងតាមអង្គការមិនរកកម្រៃ CPJ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងជាអង្គការលើកកម្ពស់សេរីភាពសារព័ត៌មានបាននិយាយថា ចំនួនអ្នកកាសែតដែលត្រូវជាប់ពន្ធនាគារពីបទ «ព័ត៌មានក្លែងក្លាយ» នៅអាមេរិកបានកើនដល់ ២៨នាក់ក្នុងឆ្នាំនេះ ដោយឆ្នាំ២០១៧មានតែ ២១នាក់ និង៩នាក់ ប៉ុណ្ណោះកាលពីឆ្នាំ២០១៦។ របាយការណ៍នេះបានរិះគន់ទៅប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ចំពោះការចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយថាជា «ព័ត៌មានក្លែងក្លាយ» ដែលវាក៏ជាឃ្លាមួយដែលត្រូវបានប្រើប្រាស់ដោយមេដឹកនាំប្រឆាំងនឹងអ្នករិះគន់របស់ខ្លួននៅក្នុងប្រទេសដូចជា ហ្វីលីពីន និងទួរគី។
ការស្រាវជ្រាវនេះត្រូវបានបោះពុម្ពផ្សាយនៅសប្តាហ៍ដូចគ្នាជាមួយនឹងទស្សនាវដ្តី Time ដែលបានឱ្យឈ្មោះអ្នកកាសែតជាច្រើនជាប់ «ជាបុគ្គលប្រចាំឆ្នាំប្រចាំឆ្នាំ»។ ក្នុងនោះរួមមានអ្នកយកព័ត៌មាន Reuters Wa Lone អាយុ ៣២ឆ្នាំ និង Kyaw Soe Oo អាយុ ២៨ឆ្នាំ ដែលពួកគាត់ត្រូវបានជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ កាលពីឆ្នាំមុន ដោយសារពួកគេបានស៊ើបអង្កេតលើការសំលាប់រង្គាលនៃជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាពីសំណាក់ភូមា។ មួយទៀតគឺអ្នកកាសែតជនជាតិអារ៉ាប៊ីសាអ៊ូឌីយ៉ា Jamal Khashoggi ដែលត្រូវបានសំលាប់នៅឯស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនៅអ៊ីស្តង់ប៊ុលកាលពី ២ខែមុន។
អង្គការមិនរកកម្រៃ CPJ បាននិយាយថា ប្រទេសទួរគីយ៉ាងហោចណាស់ចាប់ខ្លួនអ្នកសារពត៌មានចំនួន ៦៨នាក់ ឱ្យជាប់ពន្ធនាគារដោយចោទពួកគេថាប្រឆាំងនឹងរដ្ឋអ្នកសារព័ត៌មានចំនួនប្រហែល ២៥នាក់ផ្សេងទៀតគឺកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសអេហ្ស៊ីប។ យ៉ាងណាមិញ ចំនួនសរុបនេះមិនបានរាប់បញ្ចូលអ្នកកាសែតដែលបានបាត់ខ្លួន ឬកំពុងត្រូវបានកាន់កាប់ដោយអង្គភាពមិនមែនរបស់រដ្ឋឡើយ។ អង្គការមិនរកកម្រៃ CPJ បានបន្ថែមថា មានអ្នកកាសែតរាប់សិបនាក់បាត់ខ្លួន ឬចាប់ជំរិតនៅមជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង រួមទាំងអ្នកដែលកាន់កាប់ដោយក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន៕





អត្ថបទ៖ លីដា
ប្រភព៖ reuters