Moderna កំពុងស្វែងរកការយល់ព្រមជាបន្ទាន់ពី FDA លើដូសជំរុញសម្រាប់ការពារជំងឺកូវីដ១៩ ជំនាន់ថ្មីរបស់ខ្លួន
- BY
- autoadmin
- August 24, 2022
ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna បានដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ លើដូសជំរុញដែលខ្លួនទើបតែធ្វើបច្ចុប្បន្នភាពថ្មី ដែលកំណត់គោលដៅលើជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ក៏ដូចជាអនុទម្រង់របស់វាផងដែរ។ ក្រុមហ៊ុន Moderna បានធ្វើការប្រកាសកាលពីថ្ងៃអង្គារ ដោយនិយាយថា ដូសជំរុញថ្មីកំណត់គោលដៅលើអនុទម្រង់ BA.4 និង BA.5 ក៏ដូចជាប្រភេទមុនៗនៃជំងឺ COVID-19 ។

ក្រុមហ៊ុននិយាយថា វ៉ាក់សាំងជំរុញ bivalent (ធាតុផ្សំ២មុខ) គឺសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ Moderna ក៏បាននិយាយថា ខ្លួនកំពុងធ្វើការសាកល្បងព្យាបាល និងរៀបចំដឹកជញ្ជូនវ៉ាក់សាំង ដែលកំពុងរង់ចាំការអនុញ្ញាតនេះ នៅខែកញ្ញា។ ចំណែកក្រុមហ៊ុន Pfizer និង BioNTech ក៏បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានដាក់ពាក្យស្នើសុំទៅ FDA ដូចគ្នា សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នៃវ៉ាក់សាំងជំរុញ ដែលបានធ្វើបច្ចុប្បន្នភាពដែលកំណត់គោលដៅលើវ៉ារ្យ៉ង់អូមីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg
- Share This Post:






