អន្តរជាតិ

លោក Volodymyr Zelenskyy ប្ដេជ្ញានឹងរំដោះយកឧបទ្វីបគ្រីមៀ និងដាក់បង្ហូតទង់ជាតិ​អ៊ុយក្រែននៅ​តំបន់​ដែល​រឹបអូស​ដោយ​រុស្ស៊ី

BY
autoadmin
August 24, 2022

ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីៗ បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងដាក់គោលដៅវាយប្រហារថ្មីៗ នៅចំថ្ងៃទិវាឯករាជ្យជាតិរបស់អ៊ុយក្រែន។ នៅក្នុង​ពិធី​មួយ​ដែល​ប្រារព្ធ​ឡើងនាពេលថ្មីៗនេះ លោក​ Zelenskyy បាន​ប្តេជ្ញា​ថា នឹងដាក់បង្ហូតទង់ជាតិ​អ៊ុយក្រែន នៅ​តំបន់​ដែល​រឹបអូស​ដោយ​រុស្ស៊ី ហើយលោកបាននិយាយថា៖«ទង់ជាតិពណ៌ខៀវ និងពណ៌លឿង នឹងអាចគ្រវីម្តងទៀតនៅផ្ទះយើង កន្លែងដែលវាមានសិទ្ធិនៅ និងភូមិដែលត្រូវបានគេកាន់កាប់បណ្តោះអាសន្នទាំងអស់របស់អ៊ុយក្រែន»។

លោក​ Zelenskyy ក៏បានប្ដេជ្ញាថា នឹងរំដោះយកទឹកដីដែលរុស្ស៊ីដាក់បញ្ចូលកាលពី ៨ឆ្នាំមុន នោះគឺឧបទ្វីបគ្រីមៀ ខណៈការប្រជុំថ្នាក់អន្ដរជាតិមួយស្ដីពីតំបន់គ្រីមៀ អ៊ុយក្រែនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួម។ ក្នុងជំនួបនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ុយក្រែន ដរាបណាប្រទេសនេះត្រូវការការគាំទ្រពីអាល្លឺម៉ង់។

ចំណែកនាយក​រដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់គាត់ អំពី​ការ​គំរាម​កំហែង​របស់​រុស្ស៊ី​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដោយសារថា ការ​លុកលុយរបស់រុស្ស៊ី​បាន​អង្រួន​គ្រឹះ​នៃ​សណ្តាប់ធ្នាប់​ពិភពលោក។ លោក Kishida បាននិយាយថា៖«ប្រទេសជប៉ុនបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន រួមទាំងនៅគ្រីមៀ និងប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន»៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: