ថៃបានព្រមានថា អ្នកបើកបរដែលធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង អាចត្រូវប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ
- BY
- autoadmin
- August 24, 2022
នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ បានព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកបើកបរអាចប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារ ប្រសិនបើពួកគេបើកបរ ហើយធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការព្រមាននេះកំពុងធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈដែលឥឡូវនេះជាអំឡុងពេលរដូវវស្សា ហើយពលរដ្ឋមួយចំនួនក៏បានរិះគន់ទៅរដ្ឋាភិបាលវិញថា គួរតែចំណាយពេលលើការជួសជុលផ្លូវវិញ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយផ្នែកទៀតក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលពួកគេមានសិទ្ធិក្នុងនាមជាអ្នកថ្មើរជើង។

តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលលើកឡើងនៅក្នុងការបង្ហោះនោះបានឱ្យដឹងថា ការធ្វើឱ្យសាចទឹកលើអ្នកថ្មើរជើង គឺជាការបំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៤៣ ដែលចែងថា៖«ការបើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់អាចប្រឈមនឹងការផាកពិន័យពី ២,០០០ ទៅ ១០,០០០ បាត ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំងពីរ»។ ប្រសិនបើការសាចទឹកបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ អ្នកបើកបរនឹងត្រូវចាត់ទុកថា បានប្រព្រឹត្តល្មើសនឹងមាត្រា ៣៥៨ នៃច្បាប់ព្រហ្មទណ្ឌដែលចែងថា៖«ជនណាធ្វើឱ្យខូចខាត បំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ឬអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ឬពិន័យរហូតដល់ ១០,០០០ បាត ឬទាំងពីរ»។ (១០,០០០ បាត = ២៧៧ ដុល្លារ)
នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ គាំទ្រឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស ដោយមានភ្ជាប់រូបភាព ឬវីដេអូ និងលេខចុះបញ្ជីរបស់យានយន្តដែលបំពាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






