អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwon នឹងឡើងធ្វើជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ

BY
autoadmin
August 25, 2022

បន្ទាប់ពីការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងលទ្ធផល ៤ លើ ៥ ដើម្បីទទួលយកញត្តិពីសំឡេងប្រឆាំងនៅក្នុងសភា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានសម្រេចព្យួរតំណែងលោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃជាបណ្ដោះអាសន្ន រហូតដល់តុលាការសម្រេចជោគវាសនារបស់គាត់។ គេរំពឹងថា ដំណើរការរបស់តុលាការធម្មនុញ្ញនឹងបញ្ចប់ក្នុងរយៈពេល ១ខែ ឬនៅចុងខែកញ្ញា ដែលក្នុងអំឡុងពេលនោះ គណៈរដ្ឋមន្ត្រីនឹងត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា ខណៈឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទីសម្រាប់ពេលនេះ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បានឱ្យដឹងថា ឧត្តមសេនីយ៍លោក ប្រាយុទ្ធ បានគោរពសេចក្តីសម្រេចរបស់តុលាការ ហើយបានផ្អាកតួនាទីនាយករដ្ឋមន្ត្រីរបស់គាត់នៅថ្ងៃពុធផ្ទាល់តែម្ដង ប៉ុន្តែ​នឹង​បន្ត​តួនាទី​ជា​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស។ លោក Prayut ក៏​មិនបាន​លើក​ទឹកចិត្ត​ចំពោះ​រាល់​ការ​រិះគន់​តុលាការធម្មនុញ្ញ​ពី​សំណាក់​អ្នក​គាំទ្រ​លោកនោះដែរ ដោយ​លោក​បាន​បន្ថែម​ថា ​អ្នក​រាល់​គ្នា​គួរ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​សន្តិភាព​ក្នុង​ប្រទេស។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសលោក Don Pramudwinai បាននិយាយថា ការព្យួររបស់លោក Prayut និងការសម្រេចចិត្តចុងក្រោយរបស់តុលាការ នឹងមិនប៉ះពាល់ដល់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC 2022 របស់ប្រទេសថៃក្នុងខែវិច្ឆិកានោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Thai PBS world

Share This Post: