អន្តរជាតិ

អ៊ុយក្រែន​កំពុងរៀបចំផែនការដើម្បីធ្វើយ៉ាងណា ធ្វើឱ្យលោក វ្ល៉ាឌីមៀ ពូទីន ចូល​ខ្លួនទៅតុលាការ​អន្តរជាតិ​

BY
autoadmin
August 25, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា មន្ត្រីអ៊ុយក្រែនកំពុងរៀបចំផែនការដើម្បីធ្វើឱ្យប្រាកដថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេបញ្ជាការយោធាកំពូលរបស់គាត់ នឹងត្រូវប្រឈមមុខនៅតុលាការអន្តរជាតិ សម្រាប់ការចាប់ផ្តើមសង្រ្គាមរបស់ពួកគេ។ ផែនការសម្រាប់សាលាក្តីអន្តរជាតិពិសេសមួយ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មនៃការឈ្លានពាន» របស់រុស្ស៊ីកំពុងត្រូវបានដឹកនាំដោយលោក Andrii Smirnov អនុប្រធានរដ្ឋបាលប្រធានាធិបតីអ៊ុយក្រែន។

គួរឱ្យដឹងដែរថា និយមន័យនៃឧក្រិដ្ឋកម្មនៃការឈ្លានពាន ត្រូវបានអនុម័តនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ ហើយសញ្ញាណស្រដៀងគ្នានៃ «ឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិភាព» ក៏ត្រូវបានគេប្រើនៅក្នុងការកាត់ក្តីនៅទីក្រុង Nuremberg របស់អាល្លឺម៉ង់ និងទីក្រុងតូក្យូ របស់ជប៉ុន បន្ទាប់ពីសង្គ្រាមលោកលើកទី២។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងកាត់ទោសឧក្រិដ្ឋកម្មកម្រិតធ្ងន់អស់រយៈពេល ២០ ឆ្នាំកន្លងមកនេះ ក៏កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។ ប៉ុន្តែ​ពួកគេមិនអាចប្រើបទចោទប្រកាន់ «ឧក្រិដ្ឋកម្មនៃការឈ្លានពាន» លើប្រទេសរុស្ស៊ីនោះទេ ដោយសារថា ទាំង​អ៊ុយក្រែន និង​រុស្ស៊ី​ មិន​បាន​ផ្តល់​សច្ចាប័ន​លើ​លក្ខន្តិកៈ​ទីក្រុង​រ៉ូមសម្រាប់ច្បាប់នេះឡើយ។ ដូច្នេះហើយទើបអ៊ុយក្រែនត្រូវចំណាយពេលច្រើនទៀត ដើម្បីធ្វើឱ្យប្រាកដថា ពួកគេអាចដាក់ការចោទប្រកាន់លើប្រទេសរុស្ស៊ីបាន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: