អន្តរជាតិ

ប្រមុខនគរបាលជាតិរបស់ជប៉ុនបាន​ដាក់ពាក្យលាលែង​ពី​តំណែង​ ជុំវិញ​ភាពចន្លោះប្រហោងនៅក្នុងករណីលោក អាបេ ស៊ីនហ្សូ

BY
autoadmin
August 25, 2022

មេប៉ូលិសជាតិរបស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងលាលែងពីតំណែង ដើម្បីជាការទទួលខុសត្រូវលើករណីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានគេបាញ់សម្លាប់កាលពីខែមុន។ សេចក្តីប្រកាសរបស់អគ្គស្នងការនគរបាលជាតិលោក Itaru Nakamura បានកើតឡើង នៅពេលដែលទីភ្នាក់ងាររបស់លោកបានចេញផ្សាយរបាយការណ៍ស្តីពីរបៀបដែលខ្លួនបានបរាជ័យ ក្នុងការការពារជីវិតរបស់លោក អាបេ កាលពីថ្ងៃទី០៨ ខែកក្កដា នៅពេលដែលលោក អាបេ ត្រូវបានគេធ្វើឃាតនៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ របាយការណ៍បាននិយាយពីចន្លោះប្រហោងជាច្រើន ដែលអនុញ្ញាតឱ្យជនល្មើសអាចធ្វើឃាតលោក អាបេ បានយ៉ាងងាយស្រួល។

លោក Nakamura បាននិយាយថា លោកមានភាពច្បាស់លាស់ជាមួយករណីនៃការស្លាប់របស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ហើយថា លោកបានដាក់ពាក្យលាលែងពីតំណែង ទៅគណៈកម្មការសុវត្ថិភាពសាធារណៈជាតិនៅថ្ងៃព្រហស្បតិ៍នេះ។ លោកបានប្រាប់​ពី​ចេតនានៅក្នុងការ​ចុះ​ចេញ​ពី​តំណែង​នេះថា​៖«​ដើម្បី​ស្ដារ​មូលដ្ឋាននៃការការពារ​ឡើងវិញ និង​កុំ​ឱ្យ​រឿង​បែបនេះ​កើត​ឡើងបានទៀត យើង​ត្រូវ​មាន​ប្រព័ន្ធ​ថ្មី​មួយ»។ លោក Nakamura មិន​បាន​បញ្ជាក់​ថា ​ការ​លាលែង​របស់​លោក​នឹង​ត្រូវ​បញ្ជាក់ជាផ្លូវការនៅពេលណានោះទេ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការលាលែងពីតំណែងរបស់គាត់ត្រូវបានគេរំពឹងថា នឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press

Share This Post: