អង្គការសុខភាពពិភពលោក៖ ករណីជំងឺអុតស្វា Monkeypox ជាសកលមានការធ្លាក់ចុះប្រមាណ ២០% កាលពីសប្តាហ៍មុន
- BY
- autoadmin
- August 26, 2022
អង្គការសុខភាពពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា បាននិយាយថា ករណីជំងឺអុតស្វា Monkeypox បានធ្លាក់ចុះ ១ ភាគ ៥ កាលពីសប្តាហ៍មុន ខណៈដែលការឆ្លងនៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះ ប៉ុន្តែការផ្ទុះឡើងកំពុងឆ្លងកាត់ដំណាក់កាល «ការឆ្លងដ៏ខ្លាំងក្លា» នៅក្នុងទ្វីបអាមេរិក។ WHO បានទាញសញ្ញាព្រមានសម្រាប់អាមេរិកឡាទីន ដោយបានចង្អុលទៅលើការខ្វះខាតការយល់ដឹង និងវិធានការសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ។ ជម្រាបផងដែរថា ការកើនឡើងនៃការឆ្លងជំងឺអុតស្វាត្រូវបានរាយការណ៍ចាប់តាំងពីដើមខែឧសភា មកខាងក្រៅបណ្តាប្រទេសអាហ្វ្រិក ដែលនៅទីនោះវាមានមកជាយូរមកហើយ។

អង្គការ WHO បានដាក់កម្រិតការព្រមានខ្ពស់បំផុតរបស់ខ្លួន នៅថ្ងៃទី២៤ ខែកក្កដា ដោយចាត់ថ្នាក់ជំងឺនេះថា ជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ រួមជាមួយនឹងជំងឺ COVID-19។ មានករណីចំនួន ៤៥,៣៥៥ ករណី និងការស្លាប់ចំនួន ១៥នាក់ នៅឆ្នាំនេះ នៅទូទាំងប្រទេសយ៉ាងហោចណាស់ ៩៦ ប្រទេស នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ បន្ទាប់ពីការកើនឡើង ៤ សប្តាហ៍ជាប់ៗគ្នា ចំនួនករណីជំងឺអុតស្វា ដែលបានរាយការណ៍ថ្មីៗបានធ្លាក់ចុះ ២១% កាលពីសប្តាហ៍មុន ធៀបនឹងរយៈពេល ៧ ថ្ងៃមុន ដែលមានពី ៥,៩០៧ ទៅ ៥,២១៣ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






