លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលនឹងបង្កើនទំហំកងកម្លាំងឱ្យមានច្រើនជាង ១.១៥ លាននាក់
- BY
- autoadmin
- August 26, 2022
តាមការប៉ាន់ស្មានមួយបានឱ្យដឹងថា អស់រយៈពេល ៦ខែ នៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន កងកម្លាំងរុស្ស៊ីប្រមាណជា ៨០,០០០ នាក់ បានស្លាប់ និងរងរបួស ដែលការបាត់បង់ទាំងនេះបានបង្ហាញថា កម្លាំងរបស់រុស្ស៊ីកំពុងមានការចុះខ្សោយជាងមុន។ ឥឡូវនេះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តថា លោកនឹងបង្កើនចំនួនសមាជិកសេវាកម្មច្រើនជាង ១៣០,០០០ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនបុគ្គលិកយោធារុស្ស៊ីមានសរុបដល់ ២,០៣៩,៧៥៨ នាក់ ហើយក្នុងនោះមាន ១,១៥០,៦២៨ នាក់ គឺជាកងកម្លាំងប្រដាប់អាវុធ។

ច្បាប់ពីមុន ដែលបានដាក់ចេញតាំងពីដើមឆ្នាំ២០១៨ បានកំណត់ថា ចំនួនបុគ្គលិកយោធារុស្ស៊ីគឺមានសរុបចំនួន ១,៩០២,៧៥៨ នាក់ ដោយក្នុងនោះមានកងកម្លាំងប្រដាប់អាវុធចំនួន ១,០១៣,៦២៨ នាក់។ នេះមានន័យថា រុស្ស៊ីកំពុងបង្កើនកងកម្លាំងប្រដាប់អាវុធថ្មីៗបន្ថែមទៀត មិនមែនគ្រាន់តែបង្កើនចំនួនបុគ្គលិកយោធាទូទៅនោះទេ។ កន្លងមកពួកគេក៏បាននិយាយដែរថា កងកម្លាំងនៅក្នុងប្រតិបត្តិការពិសេសរបស់ខ្លួននៅអ៊ុយក្រែន គឺសុទ្ធតែជាកងកម្លាំងដែលចូលរួមដោយស្ម័គ្រចិត្តទាំងអស់។
មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា ពួកគេកំពុងបន្ថយល្បឿននៃប្រតិបត្តិការពិសេសរបស់ពួកគេ ប៉ុន្តែកាលពីថ្ងៃពុធ ដែលជាថ្ងៃឯករាជ្យរបស់អ៊ុយក្រែន ពួកគេបានបាញ់មីស៊ីល ១គ្រាប់ នៅស្ថានីយ៍រថភ្លើងមួយនៅភាគខាងកើត។ ពួកគេនិយាយថា ពួកគេបានបំផ្លាញអាវុធ និងសម្លាប់ទាហានជាង ២០០នាក់។ មេដឹកនាំអ៊ុយក្រែនក៏បាននិយាយដែរថា មានមនុស្ស ២៥នាក់ ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ។ អាជ្ញាធរក្នុងទីក្រុងគៀវ កាន់តែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដោយការប្រយុទ្ធគ្នាជុំវិញរោងចក្រនុយក្លេអ៊ែរ Zaporizhzhia រួមទាំងភ្លើងឆេះនៅក្បែរអគារផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






