អន្តរជាតិ

ជប៉ុននឹងដាក់បំរាម «តំបន់​គ្មាន​ការ​ហោះហើរ​» នៅក្នុងតំបន់ដែលត្រូវរៀបចំពិធីមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ

BY
autoadmin
August 26, 2022

រដ្ឋាភិបាល​ប្រទេសជប៉ុន​នឹង​ដាក់បំរាម «តំបន់​គ្មាន​ការ​ហោះហើរ​» នៅ​លើ​ទីតាំង​ដែល​នឹង​រៀបចំ​ពិធី​បុណ្យសព​ថ្នាក់រដ្ឋ​ សម្រាប់​អតីត​នាយករដ្ឋមន្ត្រី​លោក អាបេ ស៊ីនហ្សូ ដែល​ត្រូវបានគេ​បាញ់សម្លាប់​កាលពី​ខែកក្កដា​។ ពិធីបុណ្យសពថ្នាក់រដ្ឋនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា នៅឯកីឡដ្ឋាន Nippon Budokan ក្នុងសង្កាត់ Chiyoda ទីក្រុងតូក្យូ ហើយឥស្សរជនមកពីក្រៅប្រទេសនានា ត្រូវបានគេរំពឹងថានឹងមកចូលរួម។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបានសម្រេចចិត្តចាត់វិធានការនេះ ដើម្បីការពារភេរវករពីការវាយប្រហារដែលពាក់ព័ន្ធនឹងយន្តហោះ។ គម្រោង​នេះ​នឹង​បង្កើត​តំបន់​គ្មាន​ការ​ហោះហើរ​ក្នុង​រង្វង់ ​៤៦​គីឡូម៉ែត្រ​ នៃ​ទីតាំង​នេះ ស្រប​តាម​ច្បាប់​អាកាសចរណ៍​ស៊ីវិល។ ការ​រឹត​បន្តឹង​នេះ​នឹង​មាន​រយៈពេល​ ៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​កញ្ញា មួយ​ថ្ងៃ​មុន​ពិធីបុណ្យ ខណៈជើងហោះហើរដែលបានកំណត់រួចពីមុន ដែលចេញពីអាកាសយានដ្ឋាន Haneda និង Narita ក៏ដូចជាឧទ្ធម្ភាគចក្រដែលហោះហើរដោយប៉ូលីស អាជ្ញាធរពន្លត់អគ្គីភ័យ និងអង្គការប្រព័ន្ធផ្សព្វផ្សាយ នឹងត្រូវបានលើកលែងពីការរឹតបន្តឹងនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: