ក្រុមហ៊ុន Moderna ដាក់ពាក្យប្តឹង Pfizer និង BioNTech ជុំវិញបច្ចេកវិទ្យា mRNA
- BY
- autoadmin
- August 27, 2022
ក្រុមហ៊ុនឱសថអាមេរិក Moderna បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនផលិតថ្នាំអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech ពីបទរំលោភប៉ាតង់លើវ៉ាក់សាំង COVID-19។ នៅក្នុងការចេញផ្សាយព័ត៌មាន Moderna បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ទាំងនៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់។ សេចក្តីថ្លែងការណ៍បាននិយាយថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer និង BioNTech បានរំលោភលើប៉ាតង់ដែល Moderna បានដាក់នៅចន្លោះឆ្នាំ២០១០ និង២០១៦ ដែលគ្របដណ្តប់លើបច្ចេកវិទ្យា mRNA ជាមូលដ្ឋានរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Moderna អះអាងថា ក្រុមហ៊ុនទាំង ២ បានចម្លងនូវអ្វីដែលខ្លួនហៅថា «បច្ចេកវិទ្យាឈានមុខគេ» ដោយគ្មានការអនុញ្ញាតពីខ្លួន ដើម្បីផលិតវ៉ាក់សាំងរបស់ពួកគេ។ ក្រុមហ៊ុន Moderna និយាយថា ខ្លួនមិនស្វែងរកការដកវ៉ាក់សាំង Pfizer-BioNTech ចេញពីទីផ្សារ ហើយក៏មិនស្នើសុំដីកាដើម្បីការពារការលក់នាពេលអនាគតរបស់វាដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសជាច្រើន បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រុមហ៊ុន Pfizer ដោយបាននិយាយថា យើងមានការភ្ញាក់ផ្អើលចំពោះវិវាទ ដែលពាក់ព័ន្ធនឹងវ៉ាក់សាំងជំងឺ COVID-19 ដែលផ្អែកលើបច្ចេកវិទ្យា mRNA កម្មសិទ្ធិរបស់ BioNTech និងបង្កើតឡើងដោយទាំង BioNTech និង Pfizer»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






