អន្តរជាតិ

ប្រទេសថៃបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ដែលត្រឡប់មកពីប្រទេសកាតា

BY
autoadmin
August 27, 2022

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា​ ​នៅកំឡុងពេលគាត់កំពុងធ្វើការ​​នៅ​ប្រទេស​កាតា​។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រី​រូប​នេះ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែ​សីហា ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់។

លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC បាននិយាយថា លទ្ធផលមន្ទីរពិសោធន៍ កាលពីថ្ងៃទី២៤ ខែសីហា បានបញ្ជាក់ថា ស្ត្រីរូបនោះបានវិជ្ជមានជាមួយជំងឺអុតស្វា Monkeypox។ គាត់បានកត់សម្គាល់ថា មានមនុស្សចំនួន ៤នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺម្នាក់នោះ ត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់ក្នុងការឆ្លង ហើយមនុស្សចំនួន ២៤នាក់ ផ្សេងទៀត ក៏ត្រូវបានគេចាត់ទុកថាមានហានិភ័យ។ ដូច្នេះពួកគេទាំងនោះ ត្រូវបានបង្គាប់ឱ្យនៅដាច់ដោយឡែកចំនួន ២១ថ្ងៃ ដើម្បីធានាបានថា ពួកគេត្រូវបានតាមដានពីអាការជំងឺបានត្រឹមត្រូវ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: