អ្នកផឹកស្រាក្រហម១កែវ ក្នុង១ថ្ងៃ គឺមានសុខភាពល្អ និងជៀសឆ្ងាយពីគ្រូពេទ្យជាងអ្នកដែលមិនផឹកទាល់តែសោះ
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Harvard បានរកឃើញថា ការផឹកស្រាក្រហមមួយកែវក្នុងមួយថ្ងៃធ្វើឱ្យអ្នកជៀសឆ្ងាយពីគ្រូពេទ្យ និងមានសុខភាពល្អ។ អ្នកដែលស្រឡាញ់ និងចូលចិត្តការផឹកស្រាតែមិនច្រើនហួសហេតុ គឺមិនសូវជាចូលមន្ទីរពេទ្យនោះទេ។ ការស្រាវជ្រាវមួយបានធ្វើតេស្តទៅលើបុរស និងស្ត្រី ២១,០០០នាក់ នៅក្នុងប្រទេសអ៊ីតាលី ហើយពួកគេបានរកឃើញថា ចំពោះអ្នកផឹកស្រាកម្រិតមធ្យម ដោយផឹកមួយកែវ (ប្រហែល ១២៥មីលីលីត្រ) ជាមួយរបបអាហារប្រចាំថ្ងៃរៀងរាល់ថ្ងៃនឹងអាចឱ្យពួកគេមានសុខភាពល្អជៀសឆ្ងាយពីគ្រូពេទ្យជាងអ្នកដែលផឹកហួសកម្រិត និងអ្នកដែលមិនស្រាសោះ។
រយៈពេល ៦ឆ្នាំមកនេះ មានមនុស្សអាយុជាមធ្យម ៥៦ឆ្នាំ ចំនួន ១៣,០០០នាក់ បានចូលទៅកាន់មន្ទីរពេទ្យដើម្បីពិនិត្យជំងឺរបស់ពួកគាត់ ក្នុងនោះផងដែរអ្នកដែលមិនប៉ះស្រាទាល់តែសោះគឺមានចំនួន ១១% ហាក់ដូចជាចូលពិនិត្យជំងឺនៅមន្ទីរពេទ្យច្រើនជាងពួកផឹកស្រាក្រហមមួយថ្ងៃ១កែវ។ ការស្រាវជ្រាវពីមុនក៏បានបង្ហាញដែរថា ស្រាក្រហមអាចមានប្រយោជន៍ចំពោះបេះដូង ដែលវាមានសមាសធាតុម៉្យាងដែលជួយកាត់បន្ថយការកើតនៃជំងឺបេះដូង៕ យ៉ាងណាក៏ដោយចំពោះអ្នកដែលមិនចេះផឹកស្រាក្រហម គ្រូពេទ្យនឹងមិនណែនាំឱ្យព្យាយាមផឹកនោះទេ ដោយការស្រាវជ្រាវនេះគ្រាន់តែចង់ដឹងនូវអត្រាអ្នកផឹក និងមិនដែលផឹកសោះតែប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail