ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីអ្នកជំងឺ ដែលមិនមានប្រវត្តិធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស

    BY autoadmin August 29, 2022
    ប្រទេសថៃបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីអ្នកជំងឺ ដែលមិនមានប្រវត្តិធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស

    នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​របស់​ប្រទេស​ថៃ (DDC) ​បាន​ប្រកាស​ថា ខ្លួនបានបញ្ជាក់ពីករណីទី៧ នៃជំងឺអុតស្វា monkeypox ចេញពីស្ត្រីជនជាតិថៃម្នាក់ ដែលមានអាយុ ៣៧ឆ្នាំ រស់នៅក្នុងទីក្រុងបាងកក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ អគ្គនាយករបស់ DDC លោកវេជ្ជបណ្ឌិត Opas Karnkawinpong បាននិយាយថា វិទ្យាស្ថានជំងឺឆ្លង Bamrasnaradura បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ស្ត្រីម្នាក់នោះបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា ហើយគាត់បាន​បង្ហើប​ថា អ្នកជំងឺ​បាន​រួម​ភេទ​ជាមួយ​ជនបរទេស និងមិន​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​កាលពី​ពេល​ថ្មីៗ​នោះ​ទេ។

    អ្នកជំងឺមានអាការគ្រុនក្តៅ នៅថ្ងៃទី២០ ខែសីហា និងបានចេញពងបែកនៅថ្ងៃបន្ទាប់ ហើយរហូតដល់ ២ ​ថ្ងៃ​ក្រោយ​មក គាត់ក៏ចេញពងបែក​ជាច្រើន​ទៀត​នៅលើ​រាង​កាយ​របស់​គាត់ ដែលនាំឱ្យគាត់ស្វែងរកការ​ព្យាបាល​នៅ​វិទ្យាស្ថាន​ខេត្ត Nonthaburi។ ក្រុមវេជ្ជបណ្ឌិតបានធ្វើការធ្វើតេស្ត RT-PCR និងបានបញ្ជាក់ពីការឆ្លងមេរោគរបស់គាត់កាលពីថ្ងៃសុក្រ ចំណែកឯមនុស្ស​ ៣នាក់ ដែល​បាន​ស្និទ្ធស្នាល​ជាមួយអ្នកជំងឺ នឹង​ត្រូវ​តាម​ដាន​យ៉ាង​ដិតដល់​រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កញ្ញា។

    វេជ្ជបណ្ឌិត Opas បានណែនាំឱ្យជៀសវាងការប៉ះវត្ថុរាវពីអ្នកដែលមានអាការគ្រុនក្តៅ កន្ទួល ឬពងបែក ហើយជៀសវាងការរួមភេទជាមួយអ្នកដែលមិនបានធ្វើតេស្ត។ ត្រូវពាក់ម៉ាស់មុខនៅទីសាធារណៈ ហើយលាងដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬអាល់កុលលាងដៃ។ លោកវេជ្ជបណ្ឌិត Opas បានដាស់តឿនថា៖«ប្រសិនបើអ្នករកឃើញពងបែក កន្ទួល ឬខ្ទុះនៅលើខ្លួនរបស់អ្នក រួមជាមួយនឹងរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ និងហើមកូនកណ្តុរ សូមធ្វើតេស្តភ្លាមៗ ឬហៅទូរស័ព្ទទៅលេខទូរសព្ទ ១៤២២ របស់ DDC»៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: