ថៃបានប្រកាសថា ប្រទេសខ្លួនគ្មានការផ្ទុះឡើងនៃជំងឺផ្តាសាយប៉េងប៉ោះទេ ហើយវាក៏មិនមែនជាជំងឺថ្មីថ្មោងដែរ
- BY
- autoadmin
- August 29, 2022
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាព «ជំងឺគ្រុនផ្តាសាយប៉េងប៉ោះ» បន្ទាប់ពីមានរបាយការណ៍ថា មានករណីប្រមាណជា ១០០ បានលេចឡើងនៅក្នុងប្រទេសឥណ្ឌា។ លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយករបស់ DDC បានប្រកាសថា មិនមានករណីណាមួយត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃនោះទេ បន្ទាប់ពីមានការផ្ទុះឡើងនៅក្នុងស្រុក Kollam នៃរដ្ឋ Kerala របស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី០៦ ខែឧសភា ចំពោះកុមារអាយុក្រោម ៥ឆ្នាំ។ គិតត្រឹមថ្ងៃម្សិលមិញនេះ មានករណីប្រមាណ ១០០ ត្រូវបានគេរាយការណ៍នៅឥណ្ឌា ប៉ុន្តែមិនមានអ្នកស្លាប់ទេ។

ជម្រាបដែរថា កុមារដែលមានអាយុក្រោម ៥ឆ្នាំ ងាយនឹងកើតជំងឺនេះណាស់ ពីព្រោះមេរោគងាយឆ្លងតាមរយៈការប៉ះ ដូចជាការប៉ះអ្វីមិនស្អាត ឬលេងអ្វីចូលក្នុងមាត់។ រោគសញ្ញាដំបូងមានដូចជា៖ គ្រុនផ្ដាសាយ ក្តៅខ្លួន ឈឺចុកចាប់ ហើយក្រោយមកមានកន្ទួល។ ជំងឺនេះមិនទាក់ទងនឹងការបរិភោគប៉េងប៉ោះនោះទេ គ្រាន់តែថា កន្ទួលនេះលេចចេញជាក្រហម និងមានពងបែកដូចផ្លែប៉េងប៉ោះ។ វាត្រូវបានសន្មត់ថា លក្ខណៈរោគរាតត្បាតក្នុងតំបន់ និងរោគសញ្ញារបស់វា ក៏ស្រដៀងនឹងជំងឺដែលកើតមានជាទូទៅចំពោះកុមារ។ លោកវេជ្ជបណ្ឌិត Opas បានបន្ថែមថា ជំងឺគ្រុនផ្តាសាយប៉េងប៉ោះមិនមែនជាជំងឺឆ្លងថ្មីនោះទេ ហើយវារីករាយដាលក្នុងកម្រិតកំណត់ប៉ុណ្ណោះ។ ការតាមដានរោគសញ្ញាឱ្យបានត្រឹមត្រូវ និងមានអនាម័យល្អចំពោះកុមារតូចៗ គឺចាំបាច់បំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ The Standard
- Share This Post:






