វៀតណាមទាញសញ្ញាព្រមានថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីការឆ្លងថ្មីៗ និងករណីឆ្លងធ្ងន់ធ្ងរមានការកើនឡើង
- BY
- autoadmin
- August 30, 2022
មន្ត្រីសុខាភិបាលទីក្រុងហូជីមិញ បានព្រមានអំពីរលកឆ្លងថ្មីនៃជំងឺ COVID-19 បន្ទាប់ពីមានការឆ្លងថ្មីៗ និងករណីឆ្លងធ្ងន់ធ្ងរកាន់តែកើនឡើង។ យោងតាមតួលេខផ្លូវការ មានមនុស្សចំនួន ១៦៤នាក់ បានឆ្លងជំងឺ COVID-19 ជារៀងរាល់ថ្ងៃនៅទីក្រុងហូជីមិញក្នុងសប្តាហ៍មុន បើប្រៀបធៀបទៅនឹង ១២៧ ករណី កាលពីសប្តាហ៍មុនមួយទៀត។ លោក Nguyen Van Vinh Chau អនុប្រធាននាយកដ្ឋានសុខភាពក្រុងបាននិយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងសប្តាហ៍ត្រឹមថ្ងៃទី២៨ ខែសីហា ទីក្រុងនេះបានកត់ត្រាករណីថ្មីជាង ១,១០០ ករណី ដែលកើនឡើង ២៥៨ ករណី ធៀបនឹងសប្តាហ៍មុននេះ។

ទោះជាយ៉ាងណាក៏ដោយ ចំនួនករណីពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារតែមនុស្សជាច្រើនបានធ្វើតេស្ត និងព្យាបាលខ្លួនឯងនៅផ្ទះ ដោយមិនបានស្វែងរកកន្លែងថែទាំសុខភាពណាមួយ ហើយការឆ្លងទាំងនេះ មិនត្រូវបានបញ្ចូលទៅក្នុងមូលដ្ឋានទិន្នន័យផ្លូវការនោះទេ។ ទន្ទឹមនឹងការកើនឡើងនៃការឆ្លងប្រចាំថ្ងៃ ចំនួនករណីធ្ងន់ធ្ងរដែលចូលមន្ទីរពេទ្យក៏បានកើនឡើងផងដែរ ដោយជាមធ្យមមាន ៦៤ ករណីក្នុងមួយថ្ងៃមកទល់ពេលនេះ ក្នុងខែនេះ បើធៀបនឹងប្រហែល ៣០ ក្នុងខែកក្កដា។ បច្ចុប្បន្នទីក្រុងនេះ មានអ្នកជំងឺ COVID-19 ធ្ងន់ធ្ងរសរុបជាង ២៥០ នាក់ ហើយប្រហែល ៨០% នៃពួកគេ ត្រូវពឹងផ្អែកលើឧបករណ៍ជំនួយផ្លូវដង្ហើម៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






