ប្រទេសបារាំងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្មណ៍ ដោយសារចលនា «អាវលឿង» បានកើតមានឡើងម្តងទៀត
ក្រុងប៉ារីស៖ ការភ័យខ្លាចពីផលប៉ះពាល់សេដ្ឋកិច្ចមកលើប្រទេសបារាំងបានកើតមានឡើង ដោយសារការតវ៉ាប្រឆាំងរបស់ពួកអាវពណ៌លឿងបានចាប់ផ្តើមមានម្តងទៀតការពីថ្ងៃសុក្រ ទី១៤ ខែធ្នូនេះ។ ការស្ទង់មតិអាជីវកម្មដែលចេញផ្សាយដោយក្រុមស្រាវជ្រាវទីផ្សារ IHS កាលពីថ្ងៃសុក្រ បានបង្ហាញពីការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលនៅក្នុងសកម្មភាពនៅក្នុងខែធ្នូនេះ ដោយសារការរំខានដែលបណ្តាលមកពីបាតុកម្មនៅទូទាំងប្រទេស។ ទិន្នន័យនេះក៏បានចង្អុលបង្ហាញផងដែរពីការធ្លាក់ចុះនៃវិស័យឯកជនរបស់បារាំងជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំកន្លះនេះ។
បាតុកម្មពួក «អាវលឿង» បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ប្រឆាំងទៅនឹងការដំឡើងពន្ធលើប្រេងឥន្ទនៈរបស់ប្រធានាធិបតីលោក Emmanuel Macron ដែលជាប្រមុខរដ្ឋវ័យ៤០ឆ្នាំរបស់បារាំង។ យ៉ាងណាមិញមនុស្ស ៦នាក់ បានស្លាប់ចាប់តាំងពីមានចលនា «អាវលឿង» នេះ និងជាង ១,៤០០នាក់ បានរងរបួសនៅក្នុងការតវ៉ាដោយប្រជាជនដែលមានប្រាក់ចំណូលទាបទូទាំងប្រទេសបារាំង។ នៅថ្ងៃសៅរ៍នេះផងដែរ ប៉ូលិសប្រហែល ៨,០០០នាក់ នឹងត្រូវបំពេញកាតព្វកិច្ចនៅក្នុងទីក្រុងប៉ារីស ដែលវាជាចំនួនដូចគ្នានឹងចុងសប្តាហ៍មុន រួមជាមួយរថពាសដែកចំនួន១៤គ្រឿង កាណុងបាញ់ទឹក និងសេះជាច្រើន។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលក៏បានសុំឱ្យក្រុម «អាវលឿង» នេះបញ្ឈប់ការតវ៉ានេះដោយសន្តិវិធី និងសុំឱ្យគេទៅផ្ទះរៀងខ្លួនដើម្បីរង់ចាំអបអរថ្ងៃចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ ជៀសវាងការដែលមកធ្វើបាតុកម្មដ៏ធំបែបនេះ ដែលវាធ្វើឱ្យអសន្តិសុខជាតិ៕

អត្ថបទ៖ លីដា
ប្រភព៖ ewn