ម្តាយគ្រប់រូបគួរប្រយ័ត្ន! មិនត្រូវបណ្តោយឱ្យកូនៗលេងកម្សាន្តតែម្នាក់ឯងឡើយ ប្រយ័ត្នស្តាយក្រោយក៏ហួសពេល…
ក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ មកពីតំបន់ South Wales ត្រូវបានវះកាត់ភ្នែកជាបន្ទាប់ក្រោយពីគេរងការវាយប្រហារដោយសារកាំភ្លើងជ័រ ។ ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Taylor-Jay Ravicini ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងជ័រ ដែលវាបានបណ្តាលឱ្យគាត់បាត់បង់ភ្នែកម្ខាងយ៉ាងគួរឱ្យអាណិត។ គ្រាប់កាំភ្លើងជ័រនេះបានវាយប្រហារលើកែវភ្នែកកុមារានេះយ៉ាងខ្លាំង ហើយវាលើសពីសមត្ថភាពដែលពេទ្យអាចព្យាបាលបាន ទើបក្រុមគ្រូពេទ្យសម្រេចចិត្តវះកាត់ភ្នែកនោះចេញ ដើម្បីធានាថាកែវភ្នែកម្ខាងទៀតរបស់គាត់មិនឆ្លងការរីករាលដាលនៃមេរោគ។
ឧប្បត្តិហេតុអកុសលនេះ បានកើតឡើងខណៈដែលគាត់កំពុងលេងជាមួយមិត្តម្នាក់នៅក្នុងផ្ទះ ក្រោមការត្រួតពិនិត្យរបស់ម្តាយរបស់គាត់។ យ៉ាងណាមិញដោយនេះគឺជាឧប្បត្តិហេតុទី២ របស់ Taylor ជំុវិញការលេងកាំភ្លើងជ័រនេះ ទើបគ្រូពេទ្យសម្រេចវះកាត់ភ្នែកម្ខាងចេញ។ ម្ដាយរបស់ Taylor ពេលនេះគឺកំពុងតែព្យាយាមរកមូលនិធិដើម្បីឱ្យ Taylor អាចវះកាត់ដាក់ភ្នែកសិប្បនិម្មិត ដើម្បីកុំឱ្យក្មេងៗនៅសាលារៀនរបស់គាត់មើលមកគាត់ដោយចម្លែកចិត្ត។
គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នោះ កុមារា Taylor គឺកំពុងតែលេងកាំភ្លើងជ័រ ខណៈដែលម្តាយរបស់គាត់រវល់ធ្វើការងារផ្ទះនៅជាន់ខាងក្រោម ក្រោយមកម្តាយរបស់គាត់ក៏បានឮសំឡេងកូនប្រុសរបស់គាត់ស្រែកយំ ហើយក៏បានឃើញហេតុការណ៍នេះតែម្តង។ អ្វីដែលគួរឱ្យឈឺចាប់ជាងនេះទៀតនោះ គឺរាល់ពេលដែលកុមារា Taylor ទៅសាលារៀន ឬទីសាធារណៈផ្សេងៗ មិត្តរបស់គាត់តែងតែហៅគាត់ដោយចំអកថា «Popeye» ដែលធ្វើឱ្យគាត់ជាម្តាយឈឺចាប់ជាខ្លាំង ហើយគាត់សង្ឃឹមថានឹងអាចរកមូលនិធិបានឆាប់ៗនេះដើម្បីកូនប្រុសរបស់គាត់រស់នៅដោយមិនមានការធ្វើបាបពីមិត្តភក្តិរបស់គាត់៕



អត្ថបទ៖ លីដា
ប្រភព៖ ladbible