គម្លាតសមភាពយែនឌ័រនៅកន្លែងធ្វើការត្រូវការពេលច្រើនជាង ២០០ឆ្នាំ ដើម្បីឱ្យមានភាពស្មើគ្នា
ស្ត្រីជាច្រើនតែងតែស្រែកតវ៉ាចំពោះការបង់ប្រាក់មិនស្មើគ្នារវាងបុរស និងស្ត្រី ប៉ុន្តែរបាយការណ៍មួយបានចេញកាលពីថ្ងៃអង្គារបង្ហាញថា បញ្ហានេះនឹងត្រូវចំណាយពេលរាប់សតវត្ស ដើម្បីសម្រេចបាននូវសមភាពយែនឌ័រនៅកន្លែងធ្វើការនៅជុំវិញពិភពលោកបាន។ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បាននិយាយថា មានការលើកកម្ពស់សមភាពប្រាក់បៀវត្សរ៍នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ នៅពេលដែលគម្លាតយេនឌ័រនៅទូទាំងពិភពលោកបានពង្រីកជាលើកដំបូងនៅក្នុងទសវត្សរ៍។ WEF បានរកឃើញថា អត្រាគម្លាតយេនឌ័រនៅទូទាំងពិភពលោកនឹងមិនបាត់ត្រឹមរយៈពេល ១០៨ឆ្នាំនោះទេ ខណៈពេលដែលវាត្រូវការចំណាយពេលយ៉ាងតិច ២០២ឆ្នាំ ដើម្បីបិទនូវគម្លាតយែនឌ័រនៅក្នុងកន្លែងការងារ។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបានពិនិត្យមើលភាពខុសគ្នានៅក្នុងប្រទេសចំនួន១៤៩ រួមជាមួយនឹង ៤វិស័យធំៗដូចជា៖ អប់រំ សុខភាព ឱកាសសេដ្ឋកិច្ច និងការផ្តល់អំណាចដល់នយោបាយ។ របាយការណ៍ក៏បានបង្ហាញថា បន្ទាប់ពីមានភាពជឿនលឿនជាច្រើនឆ្នាំនៅក្នុងវិស័យអប់រំសុខភាព និងតំណាងនយោបាយ គម្លាតយេនឌ័រមកលើស្ត្រីបានថយចុះនៅក្នុងវិស័យទាំងបីនៅឆ្នាំនេះ។ មានតែនៅក្នុងវិស័យសេដ្ឋកិច្ចតែប៉ុណ្ណោះដែលគម្លាតយេនឌ័រមានភាពតូចចង្អៀតបន្តិច ហើយទោះយ៉ាងណាក៏ដោយជាមួយនឹងគម្លាតប្រាក់បៀវត្សរ៍របស់ពិភពលោកមកលើស្ត្រី គឺបានថយចុះជិត ៥១ភាគរយ ចំណែកស្ត្រីមានតួនាទីជាអ្នកដឹកនាំបានកើនឡើងដល់ ៣៤ភាគរយ នៅទូទាំងពិភពលោក។
របាយការណ៍បានប៉ាន់ប្រមាណថា ខណៈដែលបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាចកាត់បន្ថយគម្លាតយេនឌ័របានក្នុងរយៈពេល ៦១ឆ្នាំ ប្រទេសនៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងនឹងត្រូវចំណាយពេល ១៥៣ឆ្នាំ ដើម្បីកែប្រែគម្លាតយេនឌ័រនេះ។ ចំណែកសហរដ្ឋអាមេរិក បានបន្តធ្លាក់ចុះគម្លាតយេនឌ័រដោយធ្លាក់ចុះមកនៅលេខ៥១ ដោយរបាយការណ៍នេះបានស្តីបន្ទោសទៅអាមេរិកថា បានធ្វើឱ្យ «ថយចុះសមភាពយែនឌ័រនៅក្នុងតំណែងថ្នាក់រដ្ឋមន្ត្រី»៕
អត្ថបទ៖ លីដា
ប្រភព៖ ndtv